ព័ត៌មានក្នុងប្រទេស

អបអរសាទរ​ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០

ខេត្តស្វាយរៀង៖​ នាព្រឹកថ្ងៃសុក្រ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយរៀង ដែលមានសិស្សានុសិស្ស នៅតាមបណ្ដាសាលានានាក្នុងក្រុងស្វាយរៀង និងសិស្ស ចូលរួមសរុបប្រមាណចំនួន ៤.៣០០នាក់ និងលោកគ្រូ អ្នកគ្រូ ២៣០នាក់ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកស្រីអភិបាលរងក្រុងស្វាយរៀង លោកនាយកវិទ្យាល័យ និងនាយកសាលាបឋមសិក្សានានាក្នុងក្រុងស្វាយរៀង ព្រមទាំងតំណាងមាតាបិតាសិស្ស និងតំណាងអង្គការគាំទ្រការសិក្សាមួយចំនួនទៀត ។

ស្ថិតក្នុងឱកាសដ៏ឱឡារិកនោះ បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ដោយឡែក រដ្ឋបាលខេត្តនៅតែត្រៀមម៉ូតូសម្រាប់ផ្ដល់ជារង្វាន់ដល់សិស្សក្នុងឆ្នាំសិក្សាថ្មី ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា២០១៩-២០២០ ខាងមុខ ។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមអភិបាលខេត្ត បានផ្តល់កិត្តិយលចែកនូវរង្វាន់ និងប័ណ្ណសសើរជូនដល់សិស្សពូកែដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងឆ្នាំសិក្សាកន្លងទៅ និងដាំដើមឈើនៅក្នុងបរិវេណនៃវិទ្យាល័យស្វាយរៀងផងដែរ ៕