ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់នូវសុខសន្តិភាព របស់បងប្អូនមហាគ្រួសារអ្នកបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងក្រុមកីឡាករទូក(ង) ដែលមានរយៈពេល២ថ្ងៃរួចមក ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្រ្ត និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរ​មូលដ្ឋានបានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រណាំងទូកង នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបងប្អូនដែលមកពីតាមបណ្តាខេត្តនានាទាំងអស់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមសំដែងនូវការគោរពដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះវីរៈយុទ្ធជន វីរៈយុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មយ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យជាតិ សន្តិភាព ភាពស្ថិតស្ថេរ គង់វង្ស និងរីកចម្រើននៃមាតុភូមិ និងប្រជាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងជនរួមជាតិ ដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព មានសន្តិសុខ សណ្តាប់ធ្នាប់បានល្អ មានកំណើនសេដ្ឋកិច្ចខ្ពស់ មានការអភិវឌ្ឍលើគ្រប់វិស័យ និងរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់នូវសុខសន្តិភាពរបស់បងប្អូនមហាគ្រួសារអ្នកបន្ទាយមានជ័យ ដោយមិនចូលរួមជា​មួយពួកឧទ្ទាមក្រៅច្បាប់ ដែលមានបំណងធ្វើសកម្មភាពបំផ្លាញប្រទេសជាតិ បំផ្លាញសេចក្តីសុខសាន្តរបស់បងប្អូនកំពុងរស់នៅក្រោមដំបូលសន្តិភាព និងសូមឲ្យស្មារតីស្រឡាញ់សន្តិភាពរបស់បងប្អូននៅជាមួយបងប្អូនជារៀងរហូតដើម្បីរក្សាការរីកចម្រើន និងអភិវឌ្ឍប្រទេសទាំងអស់គ្នា។

ជាមួយនឹងទឹកចិត្តសប្បុរស ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានធ្វើការឧបត្ថម្ភដល់គណកម្មការរៀបចំ និងកីឡាករទូកងទាំង២៦ សរុប ចំនួន៦៤៤ នាក់ មាន ៖ ទឹកសុទ្ធ សរុប ៥០០យួរ ទឹកក្រូច ៣០០កេស មីសរុប១៨៤កេស សារុងសរុប១១២៥សារុង ដែលសរុបជាថវិកាមានចំនួន ៧៤,៩៧៦,០០០រៀលគត់៕