ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជាផ្នែកមួយនៃការតបស្នងសងគុណ លើកទឹកចិត្ត និងលើកកម្ពស់ដល់មនុស្សចាស់ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ចាស់ ប្រជាពលរដ្ឋ ដូចជាបង្ហាញនៃការដឹងគុណដល់មនុស្សចាស់ដែលកន្លងមកបានចូលរួមក្នុងកិច្ចការអភិវឌ្ឍជាតិ សហគមន៍ និងកំពុងបន្តចូលរួមកិច្ចការទាំងនេះនៅតាមមូលដ្ឋាន អង្គការមនុស្សចាស់កម្ពុជា សហការជាមួយសមាគមន៍សហព័ន្ធមនុស្សចាស់ក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសាទរទិវា មនុស្សចាស់កម្ពុជា និងអន្តរជាតិ ១ តុលា ដែលធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្តីទី ដែលមានការអញ្ជើញចូលរួមពីអភិបាលរងស្រុកព្រះនេត្រព្រះ លោក លោកស្រី អង្គការដៃគូរ អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋ ជាង២០០នាក់បានចូលរួមធ្វើឡើង នៅបរិវេណការិយាល័យអប់រំ ស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩។

មានប្រសាសន៍ក្នុងពិធីនោះដែរលោកជំទាវ រស់ សុផានី ក៏បានមានប្រសាសន៍ថា ៖ ក្នុងការប្រតិបត្តិក្នុងសង្គមយើងប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ ដែលបង្កើតជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង ។

លោកជំទាវ បានបន្តថា ៖ ដើម្បីសំដែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លាមនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផល និងមរតកជាច្រើននោះទេ រដ្ឋាភិបាលបានកសាងលិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយជាតិជាបន្តបន្ទាប់ចាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ សំដៅលើកកម្ពស់សុខមាលភាពមនុស្សវ័យចាស់ ឲ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្ដល់នូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់វុធ កម្មករ និយោជិត និងការបង្កើតមូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការ ក្រីក្រនៅតាមសហគមន៍។ ក្នុងនោះដែរ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយស្ដីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ និងនគរបាលត្រៀមចូលនិវត្តន៍។

លោកជំទាវ អភិបាលខេត្ត ស្តីទី ក៏បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ដែលជាយន្តការសំរាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខមាលភាពមនុស្សវ័យចាស់នៅកម្ពុជា ។ ជាក់ស្ដែងថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានចេញក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរសមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីរក្សាឧត្តមប្រយោជន៍ និងគាំទ្រស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់ ។ មនុស្សវ័យចាស់ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រ ដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេសមនុស្សចាស់ជរា ពិការ ក្រីក្រ គ្មានទីពឹងនៅក្នុងសង្គមជាតិយើង៕