រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហសវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៧ឆ្នាំ

ខេត្តត្បូងឃ្មុំ ៖ ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់ បែបយ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ ព្រឹកថៃ្ងអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ ស.ស.យ.ក និស្សិត សិស្សា.    នុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ” គម្រប់ខួប ៧ព្រះវស្សា នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ។

ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះបរមឆាយា ល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកព្រះសង្ឃក៏បានសូត្រធម៌ចម្រើនព្រះបរិត្តឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញា ណក្ខន្ធព្រះអង្គ ។

នៅក្នុងអង្គពិធីទាំងមូលបានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នា​ព្រះហស្ថ ដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុង​ការដឹកនាំ​ជាតិ​ទទួលបានការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំសូមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះ ព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេស វិសាលឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ព្រះអង្គដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យបូរណភាពទឹកដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បីល្បាញលើសកលលោក។

ពិតមែនតែព្រះរូបកាយរបស់ព្រះអង្គ បានយាងសោយទីវង្គតទៅហើយ ប៉ុន្តែព្រះកិត្តិនាមរបស់ព្រះអង្គ ស្ថិតនៅក្នុងក្រអៅបេះដូង របស់កូនចៅ ចៅទួត ចៅលួតទាំងអស់គ្នា ជាដរាបរៀងរហូតទៅ៕