ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រ្កាបបទល្មើសគ្រឿងញៀននៅថ្ងៃទី១២ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩ទូទាំងខេត្ដកណ្ដាល

កណ្ដាលៈ រយៈពេល២ថ្ងៃ គិតត្រឹមថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នគរបាលតាមបណ្ដាស្រុក ទូទាំងខេត្ដកណ្ដាល បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៤ករណីឃាត់ខ្លួនជនសង្ស័យ៤នាក់ ។
មន្រ្ដីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា នគរបាលតាមបណ្ដាស្រុក ដែលធ្វើការបង្រ្កាបករណីគ្រឿងញៀនត្រឹម២ថ្ងៃនេះមាន៖ ស្រុកលើកដែក ១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ផាម ថានលឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ដកហូតថ្នាំញៀនបានចំនួន១កញ្ចប់ធំ ,ម៉ូតូ១គ្រឿង និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។ ស្រុកកៀនស្វាយ ២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ ឌឹម រតនា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ និងម្នាក់ទៀតឈ្មោះ ឈ្មោះ យូ សុផារី ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។ វត្ថុតាងដកហូតថ្នាំញៀន៣កញ្ចប់ (តូច២កញ្ចប់ និងធំ១កញ្ចប់) ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ និងស្រុកល្វាឯម ១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ពេជ្រ ចាន់ថន ប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម វត្ថុតាងដកហូតបានមាន៖ ថ្នាំញៀន១កញ្ចប់តូច ,ទូរស័ព្ទដៃ១គ្រឿង និងកង់ចំនួន១ ផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យចាប់ខ្លួនសរុប២ថ្ងៃមានចំនួន៤នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន៥កញ្ចប់ (ធំ១កញ្ចប់ និងតូច៤កញ្ចប់)
,ម៉ូតូ២គ្រឿង ,ទូរស័ព្ទ៣គ្រឿង ,កង់ចំនួន១ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕