ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលពិនិត្យសាកសពបុរសម្នាក់ករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់នៅស្រុកស្អាង

កណ្ដាលៈ នគរបាលផ្នែកកោសល្យវិច្ច័យស្រុកស្អាង ចុះពិនិត្យសាកសពបុរសម្នាក់ ករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ៅង១៧និង៣០នាទី ត្រង់ចំណុចការដ្ឋានវាយថ្មភ្នំខ្សាក ស្ថិតភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ចេង សម្ផស្ស ហៅភាស់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចូកផេះថ្មភ្នំ មានស្រុកកំណើតនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះយកឌុយដោតចូលក្នុងព្រីភ្លើង ដើម្បីយកភ្លើងប្រើប្រាស់ក្នុងការដ្ឋាន ខណៈដោតនោះ ក៏ស្រាប់តែប៉ះចំមុខតំណ បណ្ដាលឲ្យឆក់ប្រអប់ដៃខាងឆ្វេង ដួលទៅនឹងដី ភ្លាមនោះឈ្មោះ ភន ផាត ត្រូវជាបងជីដូនមួយជនរងគ្រោះនិងមិត្ដភក្ដិធ្វើការងារជាមួយគ្នា បានបញ្ជូនជនរងគ្រោះ មកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង តែជាអកុសល ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីក្រោកម្លាំងនគរបាលស្រុកស្អាងទទួលព័ត៌មានខាងលើនេះរួច ភ្លាមៗនោះក៏ចុះមកធ្វើការពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្ដអគ្គិសនីប្រាកដមែន ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕