ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំយកថវិកាចូលរួម បុណ្យសព ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាព

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូប បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថទូទាំង ២៥រាជធានី-ខេត្ត ចូលរួមបុណ្យសពរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤៦,៣៩៣,៤០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ សោម ម៉ាទីនេ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការបាន សម្តែងនូវក្តីរំលែកទុក្ខឥតឧបមា ជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់លោកអនុសេនីយ៍ទោ សោម ម៉ាទីនេ គ្មានថ្ងៃវិលត្រឡប់វិញ ដែលលោកបានលះបង់ពេលវេលាពេញមួយជីវិត ក្នុងកិច្ចការងារការពារជាតិមាតុភូមិ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយរបស់លោក។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានលើកឡើងថា ៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កើតមូលនិធិមហាគ្រួសារអាវុធហត្ថឡើង ដើម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថ ក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ ៕