ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយចំនួន ១០គ្រួសារ ស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិក បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយចំនួន ១០គ្រួសារ រស់នៅភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃសៅចុងសប្តាហ៍កន្លងទៅនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ ពីសំណាក់សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជាក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាទក្រហមកម្ពុជា តែងតែឆ្លើយតប និងផ្តល់ជាអំណោយទាន់ពេលវេលា ពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ ចាស់ជរា មានជម្ងឺប្រចាំកាយប៉ុណ្ណោះទេ គឺជាសារមួយបញ្ជាក់អោយឃើញច្បាស់ អំពីបេះដូងមនុស្សធម៌ និងស្មារតីមនុស្សជាតិដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្តកន្លងមក ក៏ដូចជាទៅអនាគតស្របតាមអនុសាសន៍ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកាន់តែត្រូវបានពង្រឹងពង្រីកបន្ដទៀត ។ ម្យ៉ាងវិញទៀត អំណោយទាំងនេះគ្រាន់តែជួយសម្រាលដល់ដល់ជីវភាពរស់នៅជូនបងប្អូនប្រជាពលរដ្ឋបានតែមួយរយៈពេល ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ឯកឧត្តមអ៊ុំ រាត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះកូន ចៅ តូចកុំឲ្យលេងទឹក ព្រោះពេលនេះគឺជារដូវទឹកជំនន់ នាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូនទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី ០១កេស, ទឹកស៊ីអ៊ីវ ០៣ដប, ប្រេងឆា ១ដប, មុង ០១, ភួយ ០១, សារុង ០១, ក្រមា ០១, អាវយឺត ០១, ថវិកា ២ម៉ឺនរៀល, រទេះរុញជនពិការ ០១គ្រឿង(សម្រាប់ជនពិការ០១គ្រួសារ) និងថវិកាមួយចំនួនផងដែរ៕