ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន

កណ្ដាលៈ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់ផ្ទះឪពុកមារជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
អធិការនគរបាលស្រុកអង្គស្នួលលោក មាន សំណាង បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនឈ្មោះ សុខ សុវណ្ណៈ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងកាត់កញ្ចក់ មានទីលំនៅភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ។ ចំណែកនារីជាសង្សារមានអាយុទើបតែ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ។
លោក មាន សំណាង បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ បានទំនាក់ទំនងស្គាល់គ្នាជាមួយនារីជាសង្សារតាមរយៈអខោនហ្វេសប៊ុកបានរយៈពេលប្រមាណជាង១ខែ ។ បន្ទាប់ពីស្គាល់ចិត្ដស្គាល់ថ្លើមគ្នាក្នុងរយៈពេលខ្លី ជនសង្ស័យបាននិយាយលួងលោមនារីជាសង្សារឲ្យមកដេកនៅផ្ទះឪពុកមាររបស់ខ្លួន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះក៏មានមិត្ដភក្ដិ១គូរទៀតដែរមកដេកជាមួយ ។ នៅយប់នោះ ជនសង្ស័យបានលួងលោមនារីជាសង្សារដែលមានវ័យ១៤ឆ្នាំ ធ្វើការរួមភេទជាមួយគ្នាបានសម្រេចចំនួន៣លើក ទើបព្រឹកឡើងជនសង្ស័យជិះម៉ូតូជូននារីជាសង្សារ ត្រឡប់ទៅផ្ទះវិញ ។ លោកអធិការ បានបន្ដទៀតថា ពេលទៅដល់ផ្ទះ ឪពុកម្ដាយនារីរងគ្រោះបានជជីកសួរនាំរហូតដឹងរឿង ក៏សម្រេចនាំនាងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឲ្យជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីចាប់ខ្លួន ជនសង្ស័យបានសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនបានទំនាក់ទំនងស្គាល់គ្នាជាមួយនារីរងគ្រោះតាមរយៈអខោនហ្វេសប៊ុក អស់រយៈពេលជាង១ខែ រហូតក្លាយជាសង្សារនឹងគ្នា ។ លុះមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ខ្លួនបានណាត់នាងជាសង្សារមកដេកផ្ទះឪពុកមារជាមួយមិត្ដភក្ដិ១គូរទៀត ហើយនៅយប់នោះ ខ្លួនបានលួងលោមរួមភេទជាមួយនាងរហូតបានសម្រេច៣លើក ៕