ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្ត ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខដល់បុគ្គលិក ម៉ែដោះ ក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលសំចត ខេត្តកំពង់ចាម

ខេត្តកំពង់ចាម​ ៖​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានលើកទឹកចិត្ត ដល់ក្មួយៗ ដែលជាកុមារកំព្រា យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ សម្រាប់កសាងអនាគតខ្លួនឯង ។ ការក្រើនរំលឹកយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខដល់បុគ្គលិក ម៉ែដោះ ក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលសំចត ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នេះ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារក្នុងមណ្ឌលសរុប ៦៤នាក់ នៅក្នុងឆ្នាំ២០១៩នេះ កុមារចំនួន ៥នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ ។ ក្រៅពីនោះ មជ្ឈមណ្ឌលមានមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា ១១នាក់ ដែលកំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ របស់មណ្ឌលសម្រេចលទ្ធផលបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ ០២សប្តាហ៍ម្តង និង ១ខែម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ប្រជុំកុមារ ១ខែម្តង ។ ចំពោះវិន័យក្នុងការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌលវិញ គឺក្មួយៗ តែងស្តាប់នូវដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាពិសេស មណ្ឌលតែងជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី) ជានិច្ច ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំទៅដល់ ក្មួយៗកុមារកំព្រា នៅក្នុងមណ្ឌលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងអនាគតរបស់ប្រទេសជាតិ ។ ក្រៅពីនោះ ក្មួយៗទាំងអស់ ត្រូវជៀសចាកឆ្ងាយពីគ្រឿងញៀន ពីព្រោះថា គ្រឿងញៀននាំឲ្យមានផលប៉ះពាល់ដល់សុខភាព និងអនាគតខ្លួនឯង ក៏ដូចជា សង្គមជាតិទាំងមូលផងដែរ ។
​ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ប្រធានមណ្ឌល និងស្ថាប័នពាក់ព័ន្ធ ត្រូវរាយការណ៍អំពីបញ្ហាប្រឈមនានា ដែលកើតឡើង ក្នុងជីវភាពប្រចាំថ្ងៃ របស់មណ្ឌលកុមារកំព្រា ជាពិសេសកង្វះខាតនូវស្បៀងអាហារ សម្រាប់បម្រើ ដល់ការហូកចុករបស់ក្មួយៗ និងលោកគ្រូ អ្នកគ្រូដែលគ្រប់គ្រងការងារនៅទីនេះ ដើម្បីយើងរកវិធីដោះស្រាយបានទាន់ពេលវេលា ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានភ្ជាប់ជាមួយអាហារ នំប៉័ងចែកជូនក្មួយៗ និងម៉ែដោះ ផងដែរ ។ ដោយឡែក ជាការឆ្លើយតបទៅនឹងស្ថានភាពលំបាកនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជួយឧបត្ថម្ភជាអង្ករប្រចាំខែ ក្នុងខែ ៥០០គីឡូក្រាម ។ ជាមួយនោះ មន្ទីរសង្គមកិច្ចជួយឧបត្ថម្ភជាអង្ករចំនួន ៥០០គីឡូក្រាម សរុបក្នុង១ខែ អង្ករ ១តោនគីឡូក្រាម បន្ថែមលើរបបប្រចាំខែ ដែលរដ្ឋបានផ្ដល់ជូននាពេលកន្លងមក ៕