ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសប្រមឹកម្នាក់លង់ទឹកស្លាប់ក្បែរផ្ទះ

សៀមរាប ៖ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទី ប្រជាពលរដ្ឋបានរាយការណ៍មកថាមាន ករណីលង់ទឹកស្លាប់ កើតហេតុនៅចំណុចភ្នំបី ភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប ។

ក្រោយទទួលពត៌មានកំលាំងជំនាញព្រហ្មទញ្ឌ និង ជំនាញបច្ចេកទេសវិទ្យាសាស្រ្ដសហការជាមួយកំលាំងប៉ុស្ដិ៍បឹងមាលា កំលាំងប៉ុស្ដិ៍បេតិកភ័ណ្ឌ កំលាំងសឹករងស្រុក មេភូមិបឹងមាលា ប្រជា ការពារ បានចុះទៅដល់កន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានបញ្ជាក់ថា : ជនរងគ្រោះមានឈ្មោះ រី ហ៊ីង ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានស្លាប់នៅក្នុងទឹក ស្រះដែលមានទំហំបណ្ដោយ ៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ចម្ងាយ៣៥ម៉ែត្រពីផ្ទះជនរងគ្រោះ ។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ យឿម លាត ភេទស្រី អាយុ ៤១ រស់នៅភូមិឃុំជាមួយគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់ខ្លួនជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ នៅពេលដែលស្រវឹងតែងតែដើរវង្វេងវង្វាន់មិនចូលផ្ទះ ។
ប៉ុន្តែកាលពីវេលាម៉ោង១៦:២០នាទី ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ប្ដីរបស់ខ្លួនបានទៅទិញស្រាសមកផឹកហូតស្រវឹងចូលទៅដេកក្នុងព្រៃ ខ្លួនជាមួយកូនប្រុសក៏ទៅយកមកដេកនៅលើផ្ទះ តែប្ដីមិនដេកគិតតែដើរជុំវិញផ្ទះរហូតដល់ ម៉ោង ២៣:០០នាទី ខ្លួនក៏ដេកលក់មិនចាប់អារម្មណ៍ព្រោះជាទម្លាប់របស់ប្ដី លុះព្រឹកឡើងមិនឃើញប្ដីនៅលើផ្ទះក៏ប្រាប់សាច់ញាតិអោយជួយរកតែរកមិនឃើញរហូតដល់ម៉ោង ១៤:៣០ នាទី ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ ទើបរកឃើញប្ដីរបស់ខ្លួនបានស្លាប់អណ្ដែតនៅក្នុងស្រះរួចក៏បាន រាយការណ៍ជូនសមត្ថកិច្ច ។

តាមការពិនិត្យ និងស្រាវជ្រាវរបស់សមត្ថកិច្ចរកពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ ដែលជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌទេ គឺជនរងគ្រោះពិតជាស្លាប់ដោយស្រវឹងស្រាសលង់ទឹកស្លាប់មែន។
ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕