រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រៀមបង្កា និងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រឹងប្រែងប្រមូលកម្លាំងគ្រប់មធ្យោបាយដែលមាន ក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តម និងឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារ យកគ្រឿងចក្រចុះកាយរំដោះទឹកដែលលិចលង់លំនៅដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលរងគ្រោះខ្លាំងជាងគេ។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹកក្រែងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសត្វអសិរពិសទិច ឬខាំបើក្នុងករណីកើតមានត្រូវបញ្ជូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសាររដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្ករជាជំនន់ទឹកភ្លៀង ជាយថាហេតុ ដូច្នេះអាជ្ញាធរខេត្ត បានរៀបចំក្រុមការងារគ្រប់ជាន់ថ្នាក់ ដើម្បីត្រៀមចុះអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព ក្នុងករណីមានជំនទឹកភ្លៀងកើតឡើង។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដោយមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី ៤៥ ទៅ ៧៥ មម ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួននៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការជន់លិចដោយសារជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ក្នុងនោះ ១- ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទឹកជន់លិចផ្សារសាលាក្រៅ ០១កន្លែង ជន់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៥២ខ្នង ផ្លូវលំគ្រួសក្រហម ៣០០ម៉ែត្រ និងផ្លូវជាតិ ៧០ម៉ែត្រ ។ ២- ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែ ចំនួន ១១កន្លែង ប្រវែងសរុប ១២០០ម៉ែត្រ ផ្ទះចំនួន ១៥ខ្នង និងដំណាំចម្ការប្រមាណ ១០ហិកតា ។ និង៣- ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែប្រវែង ៣០០ម៉ែត្រ ដំណាំចំការប្រមាណ ២៥ហិកតា ផ្ទះបងប្អូនប្រជាពលរដ្ឋ ២៥ ខ្នងផ្ទះ។