ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យើងមិនត្រូវឲ្យជនណាមួយឬក្រុមណាមួយមកបំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាសមិទ្ធិផលរបស់យើងទាំងអស់គ្នាបានឡើយ

ខេត្តបាត់ដំបង៖​ ថ្លែងនៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ សាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល និងជម្រុញសកម្មភាពការអនុវត្តការងារកិច្ចការពារកុមារនៅស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង។ និងអញ្ជើញចូលរួមនាពេលនេះមាន លោក លោកស្រី ស្នងការរង នាយកា​រិ​យាល័យជំនាញពាក់ព័ន្ធ អធិការ អធិការរង នគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

ក្នុងរបាយការណ៍ដែលអានដោយលោកស្រីវរសេនីយ៍ឯក រស់ ជីវី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថាក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ នេះនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើសកម្មភាពផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងធ្វើវេទិការសាធារណៈបានចំនួន ១,៨៣៦លើក អ្នកចូលរួមចំនួន ៧៩,​៤២​៣នាក់​ ស្រ្តីចំនួន ៤០,៨៨២នាក់ ដែលក្នុងចំនួននេះមានសិស្សានុសិស្សបានចូលរួមផងដែរ ។ ក្រៅពីនោះនគរបាលបានធ្វើការផ្សព្វផ្សាយអំពីល្បិចកល ការបោកបញ្ឆោត ការលួងលោម ការអូសទាញកុមារក្នុងគោលដៅបំពារបំពានផ្លូវភេទបានចំនួន ១០លើក ដោយមានសិស្សានុសិ​ស្សចូលរួមចំនួន២៣៥០នាក់.ស្រ្តីចំនួន ១,២៥៣​នាក់ ។ ក្នុងរបាយការណ៍បានបន្ថែមទៀតថារយៈពេល ០៩ ខែឆ្នាំ២០១៩នេះកត់សម្គាល់ឃើញថា កុមារនៅតែជាជនរងគ្រោះដោយករណីបំពារបំពានទាំងផ្លូវភេទ និងទាំងរូបរាងកាយគួរឲ្យកត់សម្គាល់នៅឡើយ ដែលក្នុងនោះឃើញកើត​មានចំនួន២៧ករណី ដែលមានជនសង័្សយចំនួន ២៧ នាក់ត្រូវបាននគរបាលរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង បានណែនាំផ្តាំផ្ញើដល់លោក លោកស្រី ជាកងកម្លាំងនគរបាលពិសេស​នគរបាលប៉ុស្តិ៍រដ្ឋបានត្រូវបន្តខិតខំបន្ថែមទៀត​លើការងារកិច្ចការពារកុមារនេះ ព្រោះថាក្នុងរយៈ​ពេល០៩ខែឆ្នាំ២០១៩ នេះបញ្ហាបំពារបំពានដល់កុមារនៅមូលដ្ឋានក្នុងខេត្តបាត់ដំបងយើង នៅតែជាបញ្ហាដែលជាក្តីបារម្មណ៍របស់យើងក្នុង​នាមជានគរបាល ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋ​បាលដែលយើងត្រូវតែបន្តសហការណ៍ជាមួយក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងអង្គការ សមាគ​មន៍នានាដើម្បីឲ្យបញ្ហានេះទទួលបានប្រសិទ្ធភា​ព​ខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍បូក​សរុបណែនាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ចក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិ អ្វីៗដែលយើងមានមក​ដល់ពេលនេះយើងត្រូវតែបន្តថែរក្សាឲ្យបានជាពិសេសសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលសមិទ្ធិផលទាំងអស់នេះ គឺបានមក​ដោយការលះបង់គ្រប់បែបយ៉ាងរបស់ប្រមុខដឹកនាំរបស់យេីងគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជា​ឥស្សរជននយោបាយសំខាន់ៗផ្សេងទៀត ដែល​លោកខិតខំពុះពារការលំបាក ឧបសគ្គគ្រប់បែបយ៉ាងចាប់តាំងពីចំណុចសូន្យរហូតមកដល់ពេលនេះ គឺមិនអាចឲ្យជនណាមួយឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ។ លើការងារជំនាញ​ទាក់ទងជាមួយនឹងកិច្ចការពារកុមារឯកឧត្តមជម្រុញឲ្យនគរបាលទាំងអស់ពិសេសនគរបាលប៉ុស្តិ៍រដ្ឋ បាលត្រូវខិតខំបន្ថែមទៀតលើការងារនេះឯក​ឧត្តមបានផ្តល់នូវអនុសាសន៍ក្នុងវិធានការដោះស្រាយបញ្ហាគ្រឿងញៀន ដែលជាក្តីកង្វល់មួយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយសូមឲ្យនគរបាលសាកល្បងអនុវត្តនូវបញ្ហានេះ ដែល​យេីង​សង្ឃឹមថា អាចជួយដោះស្រាយបានចំពោះបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ៕