ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំត្រីមាសទី៣ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ១២រោចខែភទ្របទឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះនៅសាលប្រជុំអគារសាលាខេត្តមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣និងទិសដៅការងារត្រីមាសទី៤ឆ្នាំ២០១៩របស់រដ្ឋបាលខេត្តក្រោមអធិបតីភាពឯកឧត្ដមម៉ែនវិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវអភិបាលរងខេត្តលោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្តលោកប្រធានសាលាដំបូងខេត្តលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តលោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀងលោកស្នងការរងនគរបាលខេត្តលោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកលោកស្រីប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកអភិបាលក្រុងស្រុកលោកលោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្តប្រធានច្រកទ្វារព្រំដែននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកលោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ។

ឯកឧត្ដមអភិបាលខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកកងកម្លាំងប្រដាប់អាវុធនិងអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម

ក្នុងឱកាសថ្ងៃឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌមន្ទីរអង្គភាពទាំងអស់ត្រូវរៀបចំឱ្យមានវេនប្រចាំការ។

កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឪកាសថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ។

លោកអភិបាលក្រុងស្រុកត្រូវត្រៀមលក្ខណៈរៀបចំធ្វើវេទិការសាធារណៈក្រុមប្រឹក្សាខេត្ត។

បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

អាជ្ញាធរពាក់ព័ន្ធជាប់ព្រំដែនត្រូវហាមដាច់ខាតការជួលដីឲ្យទៅប្រជាជនប្រទេសជិតខាង។

សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទខុសច្បាប់និងបន្តការទប់ស្កាត់បង្ក្រាបបទល្មើសការនាំចេញឈើខុសច្បាប់ឆ្លងកាត់ខេត្តស្វាយរៀង៕