ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់និង ដកហូតថ្នាំញៀនចំនួន១០កញ្ចប់

កណ្ដាលៈ នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ ធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ និងដកហូតថ្នាំញៀនចំនួន១០កញ្ចប់ យកមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ យ៉េន វាសនា ហៅស្នា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ (ធំ១កញ្ចប់-តូច៩កញ្ចប់) និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាជួញដូរយ៉ាងសកម្មនៅក្នុងមូលដ្ឋានឃុំក្រាំងយ៉ូវ ស្រុកស្អាង ដែលសមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញា និងតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញស្រុកស្អាង បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ក្រោយពីកម្លាំងស្រុកទទួលបាន ព័ត៌មានរួច ភ្លាមនោះក៏ចុះធ្វើការបង្រ្កាប ដោយសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ រួចធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យឈ្មោះ យ៉េន វាសនា ហៅស្នា បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ យ៉េន វាសនា ហៅស្នា បានសារភាពថា នៅថ្ងៃខែកើតហេតុ ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ ក្នុងតម្លៃ៣០០,០០០រៀល ពីជនម្នាក់ ដើម្បីយកមកវេចខ្ចប់លក់បន្ត១កញ្ចប់តូច តម្លៃ ៣០,០០០រៀល ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ យ៉េន វាសនា ហៅស្នា ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន១លើករួចមកហើយ ពីបទ ហិង្សាដោយចេតនា កាលពីឆ្នាំ២០១៧ ជាប់រយៈពេល២ឆ្នាំ ៕