ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំជំរុញការងារការពារបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ការងារចរាចរណ៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយអនុសាសន៍ចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ស្ដីពីសភាពការណ៍ សន្តិសុខថ្មីៗ និងការងារសណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងលើការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារគ្រឿងញៀន និងជំរុញកិច្ចការពារនៅតាមវត្តអារាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងការងារត្រៀមកម្លាំង ដើម្បីជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយ-នាយរងផ្នែក រហូតដល់មន្ត្រីចំណុះគ្រប់ផែនជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី នាយ-នាយរងផ្នែក មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម លោកនាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ នៃអធិការដ្ឋានក្រុងកំពង់ចាម សរុបអ្នកចូលរួមមានចំនួន៥៧៩នាក់ ៕