រដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកវគ្គបំប៉នស្ដីពី ការផ្សព្វផ្សាយ និងការវិនិច្ឆ័យ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ LASSP ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកវគ្គបំប៉នស្ដីពី ការផ្សព្វផ្សាយ និងការវិនិច្ឆ័យ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដល់ការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ឃួន វិរៈ អគ្គនាយករងរដ្ឋបាល និងជានាយករងគម្រោងLASSP លោកគ្រូ សៅ វ៉ារី ប្រធាននាយកដ្ឋានអភិរក្សសុរិយោដី លោក លី សុភា ប្រធានមន្ទីរខេត្ត។

ក្នុងឱកាសនោះផងដែរ គណអធិបតីក៏បានអបអរសារទរនូវទិន្នន័យ ក្រុមចុះបញ្ជី ទាំង ៤ ក្រុម ដែលបានខិតខំប្រឹងប្រែងវាស់វែង បញ្ចូលទិន្នន័យ ដើម្បីចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ស្របទៅតាមទិសដៅក្រសួង ព្រមទាំងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានល្អប្រសើរបន្តទៅទៀត ។ ជាកិច្ចបន្ទាប់ លោកប្រធាននាយកដ្ឋាន បានធ្វើបទបង្ហាញដល់សិក្ខាកាមទាំងអស់ ព្រមទាំងផ្ដល់ឲ្យសិក្ខាកាមលើកជាសំណួរ និងចម្លើយផងដែរ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានការិយាល័យរដ្ឋបាល, លោកប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ, ប្រធាន អនុប្រធានក្រុម, មន្ត្រីផ្នែកផ្សព្វផ្សាយ, មន្ត្រីវិនិច្ឆ័យ, មន្ត្រីផ្នែកGIS, មន្ត្រីការិយាល័យសុរិយោដី និងភូមិសាស្ត្រ និងមន្ត្រីរដ្ឋបាលគម្រោង សរុបចំនួន ៣៩ រូប (ស្រី ៧រូប) ៕