ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដោយសារឆ្លងចរន្តអគ្គិសនី កើតជាអគ្គិភ័យ ឆាបឆេះ តូបលក់ទូរស័ព្ទជាង៤០តូប ក្នុងផ្សារឃ្លាំងរំសេវ

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះឡើងកាលពីវេលាម៉ោង១១:១៥នាទីយប់ថ្ងៃទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចតូបលក់និងជួសជុលទូរស័ព្ទ ក្នុងផ្សារឃ្លាំងរំសេវ ដែលមានទីតាំងនៅ ដីឡូតិ៍លេខ៣១៥ ផ្លូវ២៤៥ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានដឹងថា ដំបូងគេឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍ នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យ ចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់។  

តែយ៉ាងណាអគ្គិភ័យនៅតែឆាបឆេះតូបលក់ទូរស័ព្ទសង់ជាប់ៗគ្នារបស់បងប្អូនអាជីវករ នៅក្នុងផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅដដែល  ទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើង ស្របពេលដែលអណ្ដាតភ្លើងឆេះឡើងផុតដំបូលផ្សារ ដោយក្រុមពន្លត់អគ្គិភ័យពិបាក បាញ់អន្តរាគមន៍បាញ់ពន្លត់ ព្រោះតូបនីមួយៗជាប់សោ ។  

ភ្លាមៗនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,អភិបាលរងរាជធានី និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ,លោកវរសេនីយ៍ សុខ ហេង  អធិការខណ្ឌទួលគោក និងកងកម្លាំងចម្រុះក្នុងមូលដ្ឋា នខណ្ឌទួលគោក ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀតក៏ បានចុះ មកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះ ផងដែរ ។

កម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រំ យ៉ន បានចុះបញ្ជាផ្ទាល់ ក្នុងការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ប្រើរយៈពេលប្រមាណ២ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន។

អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៦គ្រឿង។

បើតាមប្រភពព័ត៌មានបឋមអគ្គិភ័យនេះ បានធ្វើឲ្យខូចខាតតូបប្រមាណ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូបទៀតខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។