ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលកិច្ចប្រតិ្តការ ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារប្រចាំខែកញ្ញា ឆ្នាំ២០១៩

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ចាន់ ចន ស្នងការរងស្តីទីនគរបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារនគរបាល និងសហគមន៍ ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែកញ្ញា ឆ្នាំ២០១៩  ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ ការិយាល័យជំនាញ លោកមេបញ្ជាការវរៈការពារព្រំដែន៦០៧ លោកអធិការ អធិការរងក្រុង ស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមស្នងការរងស្តីទី បានក្រើនរំលឹកដល់គណៈស្នងការរង ការិយាល័យជំនាញ អធិការនគរបាលក្រុងស្រុក ទាំង១៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំ បញ្ជាកម្លាំងត្រៀមអន្តរាគមន៍ នៅតាមអង្គភាពនីមួយៗ ដើម្បីឆ្លើយតបដល់ការសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវបង្កើនវិធានការល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ ងាយរងគ្រោះ ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងចូលរួមអនុវត្តផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានផុសផុល ដើម្បីកាត់បន្ថយបទល្មើសនៅតាមមូលដ្ឋាន ក្នុងខេត្តព្រៃវែងទាំងមូល៕