ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ព្រោះស្ថានភាពជនលិចផ្លូវ អាជ្ញាធរចាប់ផ្ដើមផ្អាកការដឹកកសិផលបណ្ដោះអាសន្ន នៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចផ្អាកការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន នៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារតែខ្លាចខូចខាតផ្លូវ ព្រោះទឹកកំពុងជន់លិចខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅចំណុចស្ពានតាម៉ុក។

លោកអភិបាលស្រុកបានអះអាងទៀតថា ក្រៅពីវិធានការណ៍ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួនទៅកាន់ទីទួលសុវត្ថិភាពនោះ នៅថ្ងៃនេះអាជ្ញាធរក៏បានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះការដឹកកសិផលរបស់ប្រជាកសិករ នៅតំបន់ដែលទឹកជន់លិចផ្លូវ ដើម្បីបញ្ចៀសនូវការខូចខាតធ្ងន់ធ្ងរ។

គួរជម្រាបថា ភ្លៀងបានធ្លាក់នៅក្នុងស្រុកអន្លង់វែង ហើយធ្លាក់ខ្លាំងនៅយប់មិញ ដែលបានបណ្តាលឲ្យទឹក មានការកើនឡើងជាគំហុក ធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀង នៅបឹងតាម៉ុក ស្រុកអន្លង់វែង កើនដល់ចំណុចប្រកាសអាសន្ន ហើយក៏បានប៉ះពាល់ដល់ការដាច់ផ្លូវ មិនអាចធ្វើដំណើរពីទីរួមស្រុក ទៅកាន់ភូមិចាររហាល ឃុំលំទង ចំនួន០៧កន្លែងផងដែរ និងផ្លូវក្រាលគ្រួសក្រហមត្រូវបំផ្លាញទាំងស្រុង។

អភិបាលស្រុកអន្លង់វែង បានបញ្ជាក់ទៀតថា ហេតុព្រោះទឹកជំនន់នេះបានកើតឡើងនៅព្រឹកនេះតែម្តង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំ នៅក្នុងស្រុកត្រពាំងប្រសាទខ្លាំង នៅយប់មិញនេះ ហើយបើតាមលំហូរនៃទឹកជំនន់នេះ អាចនឹងមានជំនន់ខ្លាំងដូចទៅនឹងឆ្នាំ២០១៧ ផងដែរ។

លោកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងជំនន់ដោយទឹកភ្លៀងនេះ រដ្ឋបាលស្រុកអន្លងវែង បានដាក់ចេញនូវវិធានការណ៍ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះ រដ្ឋបាលស្រុកអន្លងវែង ក៏បានដាក់ឲ្យកងកម្លាំងចាំជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ និងបានដាក់គ្រូពេទ្យនៅប្រចាំអន្តរាគមន៍ដើម្បីចាំជួយព្យាបាល និងជួយសង្គ្រោះប្រជាពលរដ្ឋបណ្តោះអាសន្ន មុននឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីចាំបាច់ផងដែរ៕