ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កម្មវិធី វោហារឆ្នើម ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តព្រៃវែងបានរៀបចំពិធី វោហារឆ្នើម ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងមានការអញ្ជើញចូលរួម សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធី វោហាឆ្នើម ប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ដើម្បីធ្វើឱ្យប្អូនៗសិស្សានុសិស្ស មានភាពក្លាហាន និងបង្ហាញអំពីសមត្ថភាពរបស់ខ្លួន ទៅមហាជនឲ្យបានដឹង និងបានស្គាល់ពីសមត្ថភាពរបស់ខ្លួនដែលបានរៀនអស់រយៈពេលកន្លងមក និងទទួលបាននូវជ័យលាភីជ័យជំនះ ជូនដល់សាលារបស់ខ្លួន និងកិត្តិយសក្រុមគ្រួសាររបស់ខ្លួននោះផងដែរ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា បានផ្ដាំផ្ញើដល់ប្អូនៗដែលជាសិស្ស ជាបេក្ខជន បេក្ខនារី ដែលមកប្រឡងទាំងអស់ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីប្រកួតប្រជែង និងដើម្បីទទួលបាននូវជ័យលាភី។

ឯកឧត្តមក៏បានបន្តទៀតថា ភាសាអង់គ្លេសនេះគឺជាភាសាស្នូលមួយសម្រាប់ទំនាក់ទំនងការងារតាមបណ្ដាប្រទេស នៅលើសាកលលោក ដែលតែងតែយកភាសានេះធ្វើជាភាសាយានសម្រាប់ទំនាក់ទំនងការងារ និងការវិនិយោគទុនផ្សេងៗ។ ដូច្នេះភាសានេះប្រសិនបើប្អូនៗសិស្សានុសិស្សចេះច្បាស់លាស់វាងាយស្រួល ដើម្បីស្វែងរកការងារធ្វើនោះផងដែរ។ ឯកឧត្តម សូមផ្ដាំផ្ញើដល់ប្អូនៗដែលជាបេក្ខជន បេក្ខនារី ទាំងអស់ដែលមកប្រឡងនាពេលនេះសូមឲ្យប្រឡងជាប់គ្រប់ៗគ្នា។

សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជន បេក្ខនារីដែល បានចូលរួមប្រឡងមានចំនួន ១៣៧ នាក់ស្រី ៩៧ នាក់។ ការប្រឡងនេះបែងចែកជាពីរប្រភេទ ៖

ទី១ គឺការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈបែបឯកបុគ្គល។

ទី២ គឺការប្រកួតជជែកដេញដោលជាក្រុម។

ចំពោះជ័យលាភីវិញ្ញាសាទី១ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈបែបឯកបុគ្គល ចំណាត់ថ្នាក់លេខ ១ ទទួលបានពានចំនួន១ Certificate អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅឯប្រទេសចិន និងថវិកា ៦០ម៉ឺនរៀល លេខ២ លិខិតសរសើរ និងថវិកា ៤០ម៉ឺនរៀល លេខ ៣ លិខិតសរសើរ និងថវិកា ២០ម៉ឺនរៀល។

ទី២ ជ័យលាភីជជែកដេញដោលជាក្រុម ចំណាត់ថ្នាក់លេខ ១ ទទួលបានពានចំនួន១ Certificate អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣ កន្លែងសិក្សានៅប្រទេសចិន និងថវិកា១លានរៀល លេខ២ លិខិតសរសើរ និងថវិកា ៨០ ម៉ឺនរៀល លេខ ៣ លិខិតសរសើរ និងថវិកា ៦០ ម៉ឺនរៀល។