ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សម្បត្តិ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ អញ្ជើញចូលរួមក្នុងពិធីប្រកាសស្ដីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សម្បត្តិ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំបានអញ្ជើញចូលរួមក្នុងពិធីប្រកាសស្ដីពី ការកែសម្រួលសមាសភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានមានប្រសាសន៍សំណេះសំណាលនិងដឹកនាំថា ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងបន្តបំពេញការងារបេសកកម្មតទៅទៀតដើម្បីប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ ហើយសកម្មភាពមិនមែនមានតែការបង្ក្រាបប៉ុណ្ណោះទេ គឺមានទាំងការផ្សព្វផ្សាយអប់រំ ណែនាំ ក៏ដូចជាវិធានការបង្ការនានា ហើយ គ.ប.ផ.ក នឹងបន្តធ្វើការសហការណ៍ជាមួយនឹងសមត្ថកិច្ចដែលពាក់ពន័្ធ ក៏ដូចជាវិស័យឯកជន ដើម្បីធានាអោយបានប្រាកដថាពូកគាត់នឹងមិនផលិត និងចែកចាយនូវផលិតផលក្លែងក្លាយ ដូច្នេះ គ.ប.ផ.ក ត្រូវធ្វើការពហុវិស័យ ដើម្បីទប់ស្កាត់ការចែកចាយផលិតផលក្លែងក្លាយ មិនអោយធ្លាក់ទៅដល់ដៃអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្ដម បានមានប្រសាសន៍បន្តថា គ.ប.ផ.ក នឹងមិនរុញរាក្នុងការធ្វើការបង្ក្រាបទៅលើទីតាំងដែលមានអ្នកធំពាក់ព័ន្ធ ឫនៅពីក្រោយជាខ្នងបង្អែកនោះទេ ដោយផ្អែកទៅលើនីតិវិធីច្បាប់ ព័ត៌មានជាក់លាក់ ភស្តុតាងពិតប្រាកដដែលបញ្ជាក់ថាទីតាំងនោះមានពាក់ព័ន្ធនឹងការផលិតនូវផលិតផលក្លែងក្លាយ ផលិតផលចម្លង ផលិតផលដែលគ្មានគុណភាព ឫផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់។
ជាទីបញ្ចប់ឯកឧត្ដម ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់សមាជិក គ.ប.ផ.ក ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចក្នុងការចុះបំពេញភារកិច្ច អោយកាន់តែមានប្រសិទ្ធភាព គឺត្រូវធ្វើអោយមានតុល្យភាពក្នុងការអនុវត្តន៍ច្បាប់ ត្រូវមានការប្រមូលព័ត៌មាន ស៊ើបអង្កេតអោយបានច្បាស់លាស់ បំពេញតួនាទីអោយបានត្រឹមត្រូវតាមនីតិវិធីច្បាប់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ផងដែរ។