ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម៖​ អនុវត្តតាមផែនការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជំរុញអោយមានវិធានការ​បង្ក្រាបសកម្មភាពគ្រឿងញៀន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅស្រុកជើងព្រៃ បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋ ឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្រ្កាបនៅវេលាម៉ោង​២០:០០នាទី នៅចំណុចផ្ទះសំណាក់ហេង សុខសាន្ត ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានរដ្ឋបាលចំហរ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ទី១-ឈ្មោះសុខ ប៉េន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២-ឈ្មោះគាន់ ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៣-ឈ្មោះយុគ សាវង់ អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងថ្លា ឃុំត្រពាំងខ្នាន់ ស្រុកអង្គរជ័យ ខេត្តកំពត។ ៤-ឈ្មោះភោក ចំណាប់ ភេទប្រុស អាយុ២១ឆ្នាំ​ ជាតិខ្មែរ រស់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រឹបអូសវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន០៣គ្រឿង និងរថយន្តចំនួន០១គ្រឿង ។
​​