ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ​ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត និងសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា។

ក្រោមវត្តមាន ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពីអស់លោកស្នងការរង លោកអធិការក្រុង ស្រុក លោកអភិបាលរងទទួលបន្ទុកក្រុង ស្រុក ចៅសង្កាត់ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនានា មន្រ្តីរាជការ ពាក់ព័ន្ធចូលរួមប្រមាណជិត៤០០នាក់។

បន្ទាប់ពីមតិស្វាគមន៍បើកកិច្ចប្រជុំដោយឯកឧត្រម អភិបាលរងខេត្ត ហឿង សុគន្ធ ដោយបានបញ្ជាក់នូវខ្លឹមសារសំខាន់ៗ និងធ្វើការផ្តាំផ្ញើដល់កងកម្លាំងដែលបានចូលរួមនាព្រឹកនេះ ដែលមានការមិនច្បាស់លាស់ ត្រូវខិតខំស្តាប់សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនេះឲ្យបានច្បាស់លាស់ ដើម្បីយកទៅអនុវត្តបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានឡើងអានសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់ លិខិតរដ្ឋបាលផ្សេង និងអាត្រានុកូលដ្ឋានដែលបានផ្តល់ឲ្យសហព័ទ្ធ ជាខ្មែរនិងជនបរទេសអន្តោប្រវេសន្ត។

លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងទទួលផែនការងារអន្តោប្រវេសន៍ បានឡើងអានខ្លឹមសារទាំងស្រុងលើសេចក្តីណែនាំលេខ ០២៨ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជាបច្ចុប្បន្នផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានថ្លែងថាកន្លងមកតែងមានបាតុភាពចេញពីប្រជាពលរដ្ឋមួយចំនួនតូចអំពីការផ្តល់អត្តសញ្ញាណប័ណ្ណ​ និងសៀវភៅគ្រួសារជូនពួកគាត់ ហើយប្រជាពលរដ្ឋមួយចំនួនទៀតមិនបានត្រៀមលក្ខណៈធ្វើឯកសារទុកជាមុនទេ ទាល់តែគាត់ត្រូវការគឺគាត់ចាប់បង្ខំប្រញាប់ភ្លាមៗ តាមចិត្តគាត់ចង់បាននេះជាបញ្ហាដែលសមត្ថកិច្ចជំនាញជួបការលំបាក។

ឯកឧត្តម អ៊ុច សុខុន បានបញ្ជាក់ថា រាល់ឯកសារសម្រាប់ជនបរទេសទាំងឡាយណាដែលត្រូវចូលសញ្ជាតិខ្មែរបានលុះត្រាណាមានព្រះរាជក្រិត្យជាធំ មិនអាចធ្វើផ្តេសផ្តាសបាននោះទេ កន្លងមកបញ្ហាដែលបានបន្សល់ភាពស្មុគ្រស្មាញទុកដល់សព្វថ្ងៃគឺអ្នកធ្វើឯកសារទាំងនោះផ្តើមចេញពីស្មៀនឃុំ និងមេឃុំនោះឯង។

ឯកឧត្តម ស្នងការ សំណូមពរដល់សមត្ថកិច្ចថ្នាក់ឃុំទាំងអស់ថា មុនចុះហត្ថលេខាលើឯកសារអ្វីមួយត្រូវមានការឯកភាពគ្នាជាមុនសិន ពិនិត្យមើលថាត្រឹមត្រូវហើយចាំចុះហត្ថលេខាលើឯកសារនោះបាន ដើម្បីជៀសវាងខុសបន្តទៀតក្នុងការចុះហត្ថលេខារាល់ឯកសារដែលប្រជាពលរដ្ឋមកសុំសេវាពីថ្នាក់មូលដ្ឋានឃុំនានាក្នុងខេត្តយើង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានរំលឹកអំពីគោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព នៅក្នុងមូលដ្ឋានឃុំ លោកមេឃុំត្រូវប្រើកម្លាំងសរុបទើបត្រឹមត្រូវ មិនត្រូវប្រើកងកម្លាំងខុសគោលការណ៍នោះទេ ធ្វើការងារអ្វីសូមឲ្យមានការឯកភាពគ្នា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត លោកអធិការ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេឃុំ ទាំងអស់ដែលបានចូលរួមថ្ងៃនេះ ពេលត្រឡប់ទៅវិញសូមយកចំណេះដឹងពីសេចក្តីណែនាំនេះយកទៅអនុវត្តឲ្យបានល្អមានការឯកភាពគ្នាដើម្បីប្រសិទ្ធភាពការងារ។ សេចក្តីណែនាំដែលត្រូវបានផ្សព្វផ្សាយពេលនេះគឺបានផ្តោតសំខាន់ទៅលើអត្តសញ្ញាណកម្ម និងជនបរទេសអន្តោប្រវេស្តដែលមកស្នាក់នៅក្នុងខេត្តបាត់ដំបង។