រដ្ឋបាលរាជធានី-ខេត្ត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក វន ស៉ីផា អភិបាលនៃគណ:អភិ បាលស្រុក។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ បានអនុឡោមតាមអនុក្រឹត្យលេខ ២១៦ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជាមាត្រា៦៥ និងមាត្រា ១២១ បានចែងថាក្នុងកំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង និងស្រុក ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន នៅតាមឃុំ សង្កាត់នានាក្នុងក្រុង និងស្រុក។ យោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋានគណ:កម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លេខ ០៣៤ សជណ/គ.ជ.អ.ប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ បានរៀបចំ ឡើងក្នុងគោលបំណងសំខាន់ៗដើម្បីផ្តល់ព័ត៌មានផ្សព្វផ្សាយដល់ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក រួមទាំងការឆ្លើយតបចំពោះសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រចាំឆ្នាំ២០១៩ ដោយផ្តោតលើសកម្មភាពសំខាន់ និងបញ្ហាប្រឈមដូចជា÷
១. ការងារសន្តិសុខ សណ្ដាប់ធ្នាប់
២. កិច្ចការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
៣. ការផ្ដល់សេវារបស់រដ្ឋបាលស្រុក
៤. ការគ្រប់គ្រងសោភ័ណ្ឌភាព និងអនាម័យ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក , អភិបាលរង ស្រុក , មន្រ្តីសាលា ស្រុក , អធិការនគរបាលស្រុក និងមេបញ្ជាការកងកម្លាំងទាំងពីរ , ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក , មេឃុំ , តំណាងប្រជាពលរដ្ឋ , តំណាងក្រុមសាសនា , អង្គការសង្គមស៉ីវិលនានា , តំណាងវិស័យឯកជន និងតំណាងក្រុមសាសនា សរុបអ្នកចូលរួមចំនួន ២៥០ នាក់ ៕