ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ចាម ស្នើឲ្យស្ថាប័នជំនាញ ចុះស្រាវជ្រាវលើគ្លីនីកឯកជន ដែលប្រើប្រាស់រូបភាព ឲ្យក្រុមគួកជេរ ដឹកអ្នកជម្ងឺទៅកាន់គ្លីនីករបស់ខ្លួន

ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឲ្យស្ថាប័នជំនាញ ចុះស្រាវជ្រាវលើគ្លីនីកឯកជនមួយចំនួន ដែលប្រើប្រាស់រូបភាព ឲ្យក្រុមគួកជេរ ដឹកអ្នកជម្ងឺ ទៅកាន់គ្លីនីករបស់ខ្លួន ខណៈដែលអ្នកជម្ងឺមានបំណងពិតមករកសេវានៅមន្ទីរពេទ្យរដ្ឋនោះ ។ គូសបញ្ជាក់យ៉ាងដូច្នេះ គឺបន្ទាប់ពីការលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះ លើករណីបណ្ដឹង របស់ប្រជាពលរដ្ឋ ជាអ្នកជម្ងឺ ដែលបានមករកសេវា នៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវក្រុមគួកជេរបានអូសទាញឲ្យពួកគាត់ទៅរកសេវាគ្លីនីកឯកជនវិញ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។

ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្វីត្បិតតែ រូបភាពខាងលើនេះ មានលក្ខណៈសាមញ្ញៗ ក៏ប៉ុន្តែវាបង្កើតនូវភាពអាណាធិបតេយ្យ តាមរយៈការបង្កើតសេវាយកកម្រៃ ដែលប្រឆាំងទៅនឹងសេវារដ្ឋបាល ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេស គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមន្ត្រីរាជការ ខិតខំយកចិត្តទុកដាក់បម្រើសេវាឲ្យបានល្អ និងប្រកបដោយគុណភាព ។ ឯកឧត្ដមអភិបាលខេត្ត សង្កត់ធ្ងន់ថា យើងមិនត្រូវឲ្យរូបភាពបែបនេះ មានបន្តទៀតឡើយ ។ ដូច្នេះសូមឲ្យស្នងការដ្ឋាននគរបាលខេត្ត ដាក់កម្លាំងពិនិត្យមើល រូបភាពអាណាធិបតេយ្យ នៅតាមចំណុចសំខាន់ ដូចជា ចំណតរថយន្ត និងនៅខាងមុខមន្ទីរពេទ្យជាដើម ។ ជាមួយក៏សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត សហការ ជាមួយមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ចុះពិនិត្យមើលគ្លីនីកមួយណា ដែលប្រើប្រាស់រូបភាព ឲ្យក្រុមម៉ូតូឌុប កង់បី និងក្រុម Pass App ធ្វើសកម្មភាពយ៉ាងដូច្នេះ ដើម្បីឈានទៅចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់ ចំពោះគ្លីនីកនោះផងដែរ ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំ សាមញ្ញលើកទី៣ អាណត្តិទី៣ នេះ បានលើកយករបៀបវារៈសំខាន់ៗ ចំនួន ៧ មកពិភាក្សា គឺ ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។ ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។ ៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅ ប្រចាំខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្តកំពង់ចាម ។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាល ខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ។ ៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម ។ ៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ច ជូនសមាជិក ក្រុមប្រឹក្សាខេត្តកំពង់ចាម និង៧.បញ្ហាផ្សេងៗ ៕