ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីមន្ទីរវប្បធម៌ខេត្ត សហការគ្នាចុះធ្វើការអប់រំ អំពីផ្ទាំងយីហោជនបរទេសនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ នៅពេលដែលពាណិជ្ជកិច្ចជាតិ កាន់តែមានលក្ខណៈឈានទៅរកភាពជាសកលនោះ ប្រព័ន្ធច្បាប់ពាណិជ្ជកម្មក៏ត្រូវតែធ្វើឲ្យមានលក្ខណៈសុក្រិត្យផងដែរ។ នាបច្ចុប្បន្ននេះ កំពុងជះឥទិ្ធពលយ៉ាងខ្លាំងក្លាលើ សហគមន៍នៃការធ្វើជំនួញនានា ក្នុងប្រទេសកម្ពុជាយើង។ ដើម្បីឲ្យប្រព័ន្ធពាណិជ្ជកម្មទទួលបានលទ្ធផលល្អប្រសើរនោះ ប្រការសំខាន់គឺគេត្រូវមានពុទ្ធិចំណេះដឹង ឲ្យបានច្បាស់លាស់នូវការពាក់ព័ន្ធ និងប្រព័ន្ធច្បាប់របស់ប្រទេស។ និយាយរួម នឹងនិយាយដោយឡែក ដោយយោងតាមការណែនាំ របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក និងមានការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យលើការដាក់តាំង ផ្ទាំងប៉ាណូ ឬ ផ្ទាំងយីហោ របស់ជនបរទេសមួយចំនួនពិសេសជនជាតិចិន ដែលកំពុងប្រកបមុខរបររកស៊ី បើកហាង ធ្វើសេវាកម្ម និងធ្វើពាណិជ្ជកម្មផ្សេងៗ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងថា ៖ ផ្ទាំងប៉ាណូ ឬ ផ្ទាំងផ្សាយពាណិជ្ជកម្មនេះ គឺជាគ្រឿងបង្ហាញ និងផ្សព្វផ្សាយ យីហោ ឬ មុខទំនិញ សំដៅទាក់ទាញអតិថិជន ក្នុងគោលបំណងធ្វើអាជីវកម្ម តែអ្វីដែលក្រុមការងារបានពិនិត្យឃើញថា ផ្ទាំងយីហោទាំងនោះ គឺមិនសម​រម្យ គ្មានខ្លឹមសារត្រឹមត្រូវ ខុសអក្ខរាវិរុទ្ធ ជាដើម។

លោក ប៊ុក​ ឡាយជី បានបញ្ជាក់បន្ថែមថា ៖ គោលបំណងដែលក្រុមមន្ត្រីពាក់ព័ន្ធ ចុះមកត្រួតពិនិត្យ នាពេលនេះ គឺដើម្បីធ្វើការអប់រំដល់ម្ខាស់ហាងជនបរទេស ទាំងអស់ក្នុងក្រុងប៉ោយប៉ែតនេះ ធ្វើការសុំច្បាប់ចុះបញ្ជី ពីក្រសួងពាណិជ្ជកម្មឲ្យបានត្រឹមត្រូវផ្ទាំងផ្សាយ យីហោ ត្រូវមានអក្សរខ្មែរ នៅជួរខាងលើហើយមានទំហំធំជាង​២ដង នៃអក្សរបរទេស អក្ខរាវិរុទ្ខច្បាស់លាស់ និងមានខ្លឹមសារ ពាក្យពេជន៍ត្រឹមត្រូវ​។ លោកប្រធាមមន្ទីរពាណិជ្ជកម្មខេត្ត ក៍បានបញ្ជាក់ផងដែរថា ៖ ក្រុមមន្រ្តីពាក់ព័ន្ធ និងធ្វើការចុះត្រួតពិនិត្យលើផ្ទាំងប៉ាណូ របស់ជនបរទេសទាំងអស់ ក្នុងក្រុងប៉ោយប៉ែតឲ្យបានរៀបរយល្អប្រសើរត្រឹមត្រូវឡើងវិញ។ ក្នុងនោះម្ចាស់ហាង ក៏បានធ្វើការបំផ្លាញចោលនូវប៉ាណូ យីហោ មួយចំនួនដែលធ្វើខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕