ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

កណ្ដាលៈ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីយកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានគ្នា២នាក់ ទី១/ឈ្មោះ លាង ខួច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២/ឈ្មោះ ភាព បូរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច ,ទូរសព្ទ័ដៃ២គ្រឿង ,កង់ចំនួន១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កំលាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ និងកំលាំងប្រជាការពារ បានចុះល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជួបជនសង្ស័យជិះកង់ ដោយមានការសង្ស័យ កំលាំងសមត្តកិច្ច ក៏ហៅឲ្យឈប់ រួចធ្វើការឆែកឆេរ ស្រាប់តែរកឃើញសារធាតុញៀន «ម៉ាទឹកកក»ចំនួនមួយកញ្ចប់តូចនៅនឹងខ្លួន ឃើញដូចនេះ កំលាំងនគរបាលប៉ុស្តី៍កំពង់ស្វាយ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនចំនួនមួយកញ្ចប់តូចនេះ ពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានទៅទិញពីរឈ្មោះ ភាព បូរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ ២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ក្នុងតំលៃ១៨០០០រៀលដើម្បីយកមកប្រើប្រាស់។ ក្នុងពេលជាមួយគ្នានោះដែរ ក្រោយពីបានចំលើយសារភាពពីឈ្មោះ លាង ខួច រួចកំលាំងជំនាញស្រុកបានសំគោលការណ៍ពីលោកអធិការ រួចបន្តរទៅឃាត់ខ្លួន ឈ្មោះ ពៅ បូរិទ្ធ ហៅ(អាចាស់) ឆែករកឃើញថ្នាំញៀនចំនួន០២កញ្ចប់តូចទៀត នៅចំពោះមុខសម្ថកិច្ចឈ្មោះ ពៅ បូរិទ្ធ បានសារថាថ្នាំញៀន០២កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅសង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ៥០០០០មុឺនរៀល ដើម្បីយកមកប្រើប្រាស់ និងលក់បន្តរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕