រដ្ឋបាលរាជធានី-ខេត្ត

ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសម្បត្តិវប្បធម៌ជាតិ របស់សិស្សានុសិស្សសាលាបឋមសិក្សា សម្តេច ជា ស៊ីម

សៀមរាប៖ នៅចុងសប្តាហ៍ ថ្ងៃ អាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ២០១៩នេះ សិស្សានុសិស្ស នៃសាលាបឋមសិក្សាសម្តេច ជា ស៊ីម ដឹកនាំ ប្រមាណ ៨០នាក់ ដោយលោកស្រី កង ស៊ីណម នាយិកា បានធ្វើដំណើរទស្សនកិច្ចសិក្សា ស្វែងយល់អំពីសម្បត្តិវប្បធម៌ជាតិ នៅតាមប្រាង្គ ប្រាសាទនានាក្នុងខេត្តសៀមរាប ដើមី្បឲ្យកាន់តែបានស្គាល់ បានយល់អំពីសម្បត្តិវប្បធម៌ជាតិខ្លួន និង បានស្វែងយល់អំពីសំណង់ ស្ថាបត្យកម្មដែលមានភាពល្បីល្បាញនៅលើពិភពលោក និង បានក្លាយជាសម្បត្តិបេតិកភណ្ឌ របស់មនុស្សជាតិ ។
ក្នុងការជួបសន្ទនាជាមួយលោកស្រី កង ស៊ីណម នាយិកា សាលាបឋមសិក្សាសម្តេច ជា ស៊ីម បានមានប្រសាសន៍បញ្ជាក់ អំពីគោលបំណង ក្នុងការដឹកនាំសិស្សានុសិស្ស ថ្នាក់បឋម មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅតាមតំបន់ប្រាសាទនានាក្នុងខេត្ត សៀមរាបនាពេលនេះ ដើមី្បបង្កើននូវចំណេះដឹងរបស់សិស្សានុសិស្ស ក្នុងការផ្សាភ្ជាប់ទៅការរៀនសូត្រ និង ចំណេះដឹងនៅជុំវិញខ្លួន ជាប្រចាំថ្ងៃ ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ ប្រកបទៅប្រាង្គប្រាសាទបុរាណ និង ដើមី្បឲ្យពួកគាត់បានស្គាល់កាន់តែច្បាស់ អំពីសម្បត្តិវប្បធម៌ជាតិខ្លួន ដោយបានស្គាល់ឈ្មោះប្រាសាទហើយ ព្រមទាំងទីតាំង និង អត្ថន័យនៃប្រាសាទនីមួយៗ តើមានការពាក់ព័ន្ធអ្វីខ្លះ និង គោរពបូជា ឧទ្ទិសថ្វាយអី្វទៀតផង ។ លោកស្រីនាយិកាក៏បានគូស បញ្ជាក់ថា នេះជាការបណ្តុះបណ្តាលនូវគោលគំនិតមួយ សម្រាប់សិស្សគ្រប់រូប ឲ្យបានស្គាល់ពីសម្បត្តិវប្បធម៌ជាតិខ្លួន ដូច្នេះយើង ត្រូវធ្វើការសិក្សាផ្សាភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ។ ដំណើរកម្សាន្តរបស់សិស្សានុសិស្សនាឱកាសនេះ ស្របពេលដែលសិស្ស និង ចូលវិស្សមកាលនៅពេលខាងមុខនេះ ហើយក៏សិស្សមួយចំនួនត្រូវបែកទៅសិក្សានៅអនុវិទ្យាល័យទៀតផង ។ ម៉្យាងទៀតក្នុង ដំណើរកម្សាន្តនេះដែរ ក៏បង្កើតនូវកម្រងអនុស្សាវរីយ៍មួយរវាងសិស្សនិងគ្រូនៅថ្នាក់បឋម ដែលជាមូលដ្ឋានគ្រឹះនៃការបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ បានបង្កលក្ខណៈដល់សិស្សគ្រប់រូប មានការសាមគ្គីភាពគ្នាល្អ និង ចេះ ស្រឡាញ់សម្បត្តិវប្បធម៌ជាតិខ្លួន និង ចូលរួមថែរក្សា អភិរក្ស សម្បត្តិវប្បធម៌ ដែលជាសម្បត្តិរបស់មនុស្សជាតិយើង រួមទាំងសម្បត្តិ ធម្មជាតិ បរិស្ថាន និង អនាម័យ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិកម្ពុជាយើង ។
សកម្មភាពទាំងនេះ ក៏ជាសារមួយក្នុងការបញ្ជាក់ដល់សិស្សគ្រប់រូប ក៏ដូចសាលារៀននានា ត្រូវមានការចំណាយពេលវេលា ដើមី្បដឹកនាំសិស្សរបស់ខ្លួន បានមកសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិខ្លួន ក្នុងការកាត់បន្ថយការហូរចូលនូវវប្បធម៌បរទេស៕