ព័ត៌មានក្នុងប្រទេស

ពីធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំង

 

ព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាស្រុកស្នួល ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធីបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំង ស្ថិតនៅស្រុកស្នួល ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ត គណៈអភិបាស្រុក  នាយិកាទីចាត់ការធនធានមនុស្សសាលាខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី និងមន្រ្តីការិយាជុំវិញស្រុក ។

 មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំងដែលបញ្ចប់អាណត្តិ ដែលបានខិតយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលសម្រេចបានលទ្ធផលនាពេលកន្លងមក  ។ 

ក្នុងឱកាសនេះ ឯកឧត្ដម ក៏បានធ្វើការផ្ដាំផ្ញើដល់លោក កាន់ វុទ្ធី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំងថ្មី ដែលទើបទទួលបានមុខតំណែងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារ ពិសេសកិច្ចការព្រំដែនរវាងខេត្តក្រចេះ និងខេត្តប៊ិញភឿក  ឲ្យកាន់តែទទួលបានលទ្ធផលល្អ  រួមទាំងការងារជាច្រើនទៀត  ដោយត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង ដើម្បីធានានិរន្តភាពការងារ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយការទទួលខុសត្រូវខ្ពស់ សហការចូលរួមជាមួយមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខេត្តទាំងពីរកាន់តែមានភាពជោគជ័យជាបន្តបន្ទាប់ទៀត ៕

ចូលរួមអនុវត្តតាមច្បាប់ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងគោលការណ៍របស់ថ្នាកដឹកនាំខេត្ត សំដៅឲ្យការអនុត្តការងារកាន់តែមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា៖ លោក កាន់ វុទ្ធី ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនជ័យឃ្លាំង ជំនួសលោក កែ ណារិទ្ធ ត្រូវបញ្ចប់អាណត្តិ និងទៅបម្រើការងារនៅសាលាខេត្តក្រចេះវិញ។