ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

បិទវគ្គការប្រលងចម្រៀងលើកទី៥ នៅខេត្តបន្ទាយមានជ័យ បេក្ខជនចំនួន១២រូបត្រូវបានបន្តទៅប្រកួតប្រជែង នៅរាជធានីភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបានប្រកួតប្រជែងផ្នែកសំនៀងរយៈពេល២រាត្រីរួចមក នៅវេលារាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ថ្នាក់ខេត្ត លើកទី៥ ត្រូវបានបញ្ចប់ដោយចម្រាញយកបេក្ខជន បេក្ខនារី ទៅប្រកួតបន្តនៅរាជធានីភ្នំពេញនៅថ្ងៃបន្ទាប់ ។ ដែលកម្មវិធីបិទនេះក្រោមការអញ្ជើញជាអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីលោក យ៉ង តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមនឹងប្រជាពលរដ្ឋបានចូលរួមផងដែរ ។ នៅក្នុងការប្រឡងចម្រៀង មហោស្រព ចម្រៀង ខ្មែរសកល ថ្នាក់ខេត្ត លើកទី៥ មានបេក្ខជន បេក្ខ នារី ចូលរួម ប្រឡងចំនួន៤២រូប ក្នុងនោះ មានបេក្ខនារី ចំនួន១៩រូប ដែលមានការប្រឡងចម្រៀងសម័យ និងបុរាណ្យ ដែលមានគណៈកម្មការក្នុងការដាក់ពិន្ទុយ៉ាងសុក្រឹតបំផុតចំនួន៦រូបផងដែរ ។

លោក យ៉ង់ តាំងកូយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានមានប្រសាសន៍ ថា ៖ ក្រោយពីបានប្រឡងមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ថ្នាក់ខេត្ត លើកទី៥ អស់រយៈពេល២រាត្រី ដោយបានជ្រើសយកចំណាត់ថ្នាក់ជ័យលាភីពីលេខ១ ដល់លេខ៣ ទាំងពី២វិញ្ញាសា គឺផ្នែកចម្រៀងសម័យពីលេខ១ ដល់លេខ៣ចំនួន៦រូប (ប្រុស៣ ស្រី៣) និងផ្នែកចម្រៀងបុរាណពីលេខ១ ដល់លេខ(ប្រុស៣ ស្រី៣)សរុបបេក្ខជន បេក្ខនារីជាប់ជ័យលាភីទាំងបុរាណ និងសម័យចំនួន១២នាក់។ លោក យ៉ង់ តាំងកួយ បានបញ្ជាក់ថា ៖ ចំពោះបេក្ខជន បេក្ខនារី ដែលជាប់ជ័យលាភីលេខ១ ទាំងពីរវិញ្ញាសាចំនួន៤នាក់ ត្រូវបន្តចូលរួមមហោស្រពថ្នាក់ជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នាពេលខាងមុខនេះ។

លោកជំទាវ រស់ សុផានី អភិបាលរង បានមានប្រសាសន៍ ចូលរួមអប់អរសាទរ ជាមួយនឹងបេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភី ទាំង២ផ្នែក ជាមួយនឹងការប្រកួតប្រជែងជម្រុះចម្រាញរយៈពេល២រាត្រីរួមមក ។ លោកជំទាវ ក៏បានមានប្រសាសន៍ លើកទឹកចិត្តបន្ថែមចំពោះបេក្ខជន បេក្ខនារី ជ័យលាភី ធ្វើយ៉ាងណាខិតខំដណ្តើមយកជ័យលាភីជូនខេត្តរបស់យើងឲ្យបាន។ ដោយចំពោះបេក្ខជន បេក្ខនារី ដែលមិនទទួលបានចំណាត់ថ្នាក់កុំទាន់អស់សង្ឃឹមពីព្រោះយើងនៅមានឱកាសក្នុងការប្រឡងលើកក្រោយៗទៀត។

សូមបញ្ជាក់ថា ៖ សម្រាប់បេក្ខជន បេក្ខនារីទទួលបានជ័យលាភីលេខ១ ទទួលបានថវិកា១លានរៀល , លេខ២ ទទួលបានថវិកា៦០ម៉ឺនរៀល , លេខ៣ ទទួលបានថវិកា៤០ម៉ឺនរៀល, និងអ្នកមិនទទួលបានចំណាត់ថ្នាក់ទទួល បានថវិកាលើកទឹកចិត្តចំនួន១០ម៉ឺនរៀលផងដែរ ៕