រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋាករទឹក ស្វយ័តសៀមរាប បានពង្រាយបណ្តាញទៅតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុង ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ

ខេត្តសៀមរាប ជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបទៅដោយធម្មជាតិបៃតង នឹង បានកំពុងក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងបានកំពុងមាន កិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំខាន់លើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ។ ភាពរីកចម្រើនទៅបានរបស់ខេត្ត ក៏ស្ថិតនៅក្រោមគោលនយោបាយឈ្នះៗ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ដែលជាបិតានៃសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ។
ស្ថិតក្រោមដំបូលសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យខេត្តសៀមរាបមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យ ទឹកស្អាតក្នុងក្រុងសៀមរាប ។ ដើមី្បបំពេញនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សហគ្រាសនានាក្នុងខេត្ត លើការប្រើប្រាស់ ទឹកស្អាតប្រចាំថ្ងៃនោះ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ក៏បានធ្វើការពង្រីកនូវបណ្តាញមេចែកចាយទឹករបស់ខ្លួន ទៅតាមបណ្តាសង្កាត់ ភូមិ ក្នុងក្រុងសៀមរាប និង ស្រុកពួក ដើមី្បតភ្ជាប់ចូលទៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាអតិថិជនបានដាក់ពាក្យស្នើសុំប្រើប្រាស់ទឹកស្អាត ។ តាមការបញ្ជាក់របស់លោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩នេះ អំពីការពង្រីកផ្ទៃសេវាគ្រប់គ្រងទឹកស្អាតនៅក្នុងក្រុងសៀមរាប ក្នុងពេលបច្ចុប្បន្ននេះ គឺមានពីរ គម្រោង ។ ដោយគម្រោងទី១ គឺជាគម្រោងឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយគ្រាប់ដណ្តប់លើការគ្រប់ គ្រងបំពង់ទឹកមានប្រវែង ១០០គីឡូម៉ែត្រ ហើយបំពង់ទាំងនេះក៏បានមកដល់ហើយ ត្រូវបានក្រុមជំនាញនៃរដ្ឋាករទឹក ស្វយ័តសៀមរាប បានកំពុងពង្រាយបណ្តាញទៅតាមបណ្តាផ្លូវសំខាន់ៗក្នុងក្រុង ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។ លោកអគ្គនាយកក៏បានឲ្យដឹងផងដែរថា ចំពោះបំពង់ទឹកចែកចាយទឹកនោះ អង្គភាពរដ្ឋាករទឹក ក៏បានផ្តល់ក្នុងការតភ្ជាប់ បណ្តាញចូលតាមផ្ទះប្រជាពលរដ្ឋ ដែលពួកគាត់បានដាក់សំណើរស្នើសុំមកអង្គភាពជាបន្តបន្ទាប់ ។ ម៉្យាងទៀតនៅក្នុង ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នឹងមានគម្រោងមួយទៀត ដែលត្រូវនឹងដំណើរក្រោមគម្រោងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ ជប៉ុន (ចាយកា) ដែលមានបំពង់ប្រវែងសរុប ២០០គីឡូម៉ែត្រ ដែលគ្រោងនិងចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំនេះ ជាបន្តបន្ទាប់ ស្របពេលគ្នាក្នុងការដាក់បំពង់ទឹករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ផងដែរ ។ លោក ឃុត វុត្យារិទ្ធ បានបន្ត ថា ការគ្រាប់ដណ្តប់ទៅលើផ្ទៃសេវាទាំងមូលនៅក្នុងក្រុងសៀមរាប ដែលត្រូវប្រើរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៩នេះទៅដល់ឆ្នាំ២០២២ ដែលត្រូវនឹង បញ្ចប់នូវគម្រោងនេះ ។ ទន្ទឹមនឹងការពង្រីកផ្ទៃសេវានេះដែរ អង្គភាពរដ្ឋាករទឹក ក៏មិនបំភ្លេចនូវសមត្ថភាពផលិតទឹកស្អាតផងដែរ ។ លោកអគ្គនាយកក៏បាន ឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាករទឹកស្វយ័តសៀមរាប ក៏បានធ្វើការបង្ហើយនូវរោងចក្រផលិត មួយ ក្រោមឥណនានពីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ ដែលមានសមត្ថភាពផលិតបាន ១៥ពាន់ម៉ែត្រីគុណ ក្នុងមួយថ្ងៃ តែ សមត្ថភាពផលិតនេះ នឹងអាចចប់អស់ទឹកនៅចុងឆ្នាំ២០២១ ។ លោកក៏បានបញ្ជាក់ថា ដោយបញ្ហានេះហើយ រដ្ឋាករទឹកស្វយ័តសៀមរាប បានទាមទារឲ្យសាងសង់នូវរោងចក្រផលិតទឹកស្អាតមួយបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបញ្ចប់នៅឆ្នាំ២០២១ ដើមី្ប ធានាក្នុងការផ្តល់ការផ្គត់ផ្គង់ទឹក ទៅតាមបណ្តាញចូលផ្ទះប្រជាពលរដ្ឋ រហូតដល់ឆ្នាំ២០២២ ។ ក្នុងនោះដែរលោកអគ្គនាយកក៏បានលើកផងដែរ អំពីគម្រោងរបស់(ចាយកា ) ក៏មានការសាងសង់រោងចក្រប្រព្រឹត្តិកម្មដ៏ធំមួយ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ដោយទាញយកប្រភពទឹកពីបឹងទន្លេសាប ហើយរោងចក្រនេះ មានសមត្ថភាពក្នុងការផលិតទឹកស្អាតបានដល់៦ម៉ឺនម៉ែត្រីគុណ ក្នុង១ថ្ងៃ ដែលធានាបានក្នុងផ្គត់ផ្គង់ប្រើប្រាស់ និង ឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាប រហូតដល់ឆ្នាំ២០៣០ ។ លោកក៏ បានឲ្យទៀតថា នៅក្នុងឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តសៀមរាប ទាំងរោងចក្រ និង បណ្តាញចែកចាយ គឺឲ្យមាននៅគ្រប់ចំណុចទាំង អស់ ក្នុងក្រុងសៀមរាប ។ ទាំងនេះក៏ដោយផ្អែកទៅលើកណើនតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និង ការពង្រីកក្រុងសៀមរាប នៅឆ្នាំ២០៣០ ទើបរដ្ឋាករទឹកស្វយ័តសៀមរាប ធ្វើការពិចារណា លើការវិនិយោគក្នុងការធានាសុវត្ថិភាពបន្ថែម ។ លោកក៏បាន បញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់អភិបាលខេត្ត ដែលបានគាំទ្រនូវរាល់គម្រោងរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ព្រមទាំង បានធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ ដើមី្បឲ្យគម្រោងបានដំណើរការទៅដោយរលូន ។ ក្នុងនោះដែរលោក ឃុត វុត្យារិទ្ធ ក៏មានសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និង ចូលរួមគាំទ្រលើគម្រោងទាំងនេះ ព្រមទាំងចូលរួមប្រើប្រាស់ទឹកស្អាត ដើមី្ប ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រភពទឹកក្រោមដី ធ្វើឲ្យបាត់បង់ទឹកក្រោមដី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការទ្រទ្រង់គ្រឹះនៃប្រាង្គប្រាសាទអង្គរ ដែលជាសម្បត្តិវប្បធម៌ជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង ។ លោកអគ្គនាយកក៏សង្ឃឹមយ៉ាង ម៉ុតមាំថា ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប នឹងបោះបង់ចោលជាបណ្តើរៗ ក្នុងការប្រើប្រាស់ទឹកក្រោមដី និង មកគាំទ្រគម្រោងទាំង អស់ដើមី្បចូលរួមប្រើប្រាស់ទឹកស្អាត គឺដើមី្បសុខភាពដល់អ្នកគ្រប់គ្នា និង ដើមី្បចូលរួមការពារថែរក្សា អភិរក្សនូវសម្បត្តិវប្បធម៌ ជាតិ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និងប្រជាពលរដ្ឋខេត្តសៀមរាបទៀតផង ៕