ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ខ្ចីម៉ូតូទៅទិញកាតដាក់ទូរស័ព្ទ មិនឃើញយកម៉ូតូឲ្យវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រៃវែង ៖ ករណីរំលោភលើសេចក្តីទុកចិត្ត នៅវេលាម៉ោង ៣និង៣៦នាទី ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សុន កុសល់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិគោគច្រេស ឃុំអង្ករសរ ស្រុកមេសាង បានប្តឹងទៅលើឈ្មោះ ព្រុំ សាមឿន ហៅ ព្រុំ វ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទរំលោភលើទំនុកចិត្តរបស់គាត់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ដោយជនសង្ស័យឈ្មោះ ព្រុំ សាមឿន បានទៅខ្ចីម៉ូតូម៉ាកគុបមូលC៥០ គ្មានស្លាកលេខ ទៅទិញកាតដាក់ទូរស័ព្ទមួយភ្លែត រួចក៏ទៅបាត់រហូតមិនឃើញយកម៉ូតូឲ្យគាត់វិញ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣៦នាទី ទើបឃើញជនសង្ស័យ ព្រុំ សាមឿន ចូលមកក្នុងភូមិ មិនឃើញមានម៉ូតូរបស់គាត់មកជាមួយ ទើបគាត់មកប្តឹងនគរបាលប៉ុស្តិ៍អង្គរសរតែម្តង ។ ដោយមានការសុំយោបល់ និងអនុញ្ញាតិពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ព្រុំ សាមឿន មកសាកសួរនៅប៉ុស្តិ៍ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តពិតប្រាកដមែន ដោយប្រើល្បិចខ្ចី រួចយកម៉ូតូនោះទៅបញ្ចាំឲ្យគេ ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍អង្គរសរ ដើម្បីធ្វើតាមនីតិវិធី ត្រៀមបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត៕