រដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង៤៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ព្រីង ភូមិព្រែកត្រែង ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង៤៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ព្រីង ភូមិព្រែកត្រែង ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថានេះជាចំណងដៃថ្មី ជូនប្រជាពលរដ្ឋ ភូមិកំពង់ព្រីង ភូមិព្រែកត្រែង ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ អោយមានការអភិវឌ្ឍឈានឡើង ហើយនិងផ្តល់សារៈសំខាន់ជាទីបំផុត បំរើអោយផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើអោយបងប្អូនប្រជាជនមានទឹកចិត្តសប្បាយរីករាយ ។
ឯកឧត្តម បានបន្តថា នេះជាគម្រោង ថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ ហើយគម្រោងសាងសង់ផ្លូវមួយចំនួនទៀតនៅក្នុងក្រុងតាខ្មៅយើងនេះដែរ នឹងស្វែងរកថវិកាគ្រប់មធ្យោបាយទាំងអស់ ដើម្បីយកមកសាងសង់ជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យក្រុងតាខ្មៅយើងបានល្អស្អាតសាកសមជាទីក្រុងទេសចរណ៍។
ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមជុំវិញផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរផង ដើម្បីជាប្រយោជន៍រួម ហើយក៏ដូចជាការធ្វើដំណើរចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ ។
ឯកឧត្តម បានជំរុញឲ្យក្រុមហ៊ុនដែលទទួលរ៉ាប់រងក្នុងការកសាងផ្លូវនេះត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ ត្រូវធានារក្សាអោយបាននូវគុណភាព សោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវសាងសង់ឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមអភិបាលក៏បានផ្ដាំផ្ញើដល់ សិស្សានុសិស្សថ្នាក់ទី ១២ អោយខិតខំរៀនសូត្របន្ថែម អោយទទួលបានជោគជ័យក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ និង ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់នានា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នារួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។