ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អតីតបុគ្គលិកមីហឹរម្នាក់ខឹងម្ចាស់ហាងបញ្ឈប់ការងារបានវាយបំផ្លាញសម្ភារៈក្នុងហាងបណ្ដាលឲ្យខូចខាតអស់មួយចំនួន

កណ្ដាលៈ នគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនយុវជនជាអតីតបុគ្គលិកមីហឹរម្នាក់ បន្ទាប់ពីយុវជនសង្ស័យនេះ បានចូលទៅក្នុងហាងបម្រុងវាយបុគ្គលិកផ្សេងទៀតដែលកំពុងធ្វើការងារ និងទៅវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងហាង បណ្ដាលឲ្យខូចខាតអស់មួយចំនួន ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចហាងមីហឹរSeoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរSeoul ។ ចំណែកជនរងគ្រោះជាម្ចាស់ហាងឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ប្រេងសាំង ចំនួន១ដបទឹកបរិសុទ្ធ ចំណុះ ០,៥លីត្រ ។
ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការក្នុងហាងលក់មីហិរSeoulមួយកន្លែង ស្ថិតក្នុងភូមិកើតហេតុខាងលើ ។ ក្រោយមក ត្រូវបានជនរងគ្រោះជាម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ ដោយពុំដឹងជាមានបញ្ហាអ្វីទេ ។ ដោយមានចិត្ដខឹង ជនរងគ្រោះជាម្ចាស់ហាងបញ្ឈប់ការងាររបស់ខ្លួន មកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្រាប់តែជនសង្ស័យ បានដើរទៅហាងមីហឹររបស់ជនរងគ្រោះ ដោយកាន់ដបសាំងមកជាមួយ បម្រុងនឹងដុត តែពុំបានដុតនោះទេ ដោយចូលមកក្នុងហាង បម្រុងរកវាយបុគ្គលិកទៀតផង មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យ បានស្ទុះទៅវាយបំផ្លាញតុ និងជញ្ជាំងហាង បណ្ដាលឲ្យខូចខាតអស់មួយចំនួន ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕