រដ្ឋបាលរាជធានី-ខេត្ត

សកម្មភាពក្រុមគ្រូពេទ្យចុះទៅជួយពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ

សៀមរាប៖  ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដោយមិនគិតថ្លៃ នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀរាប ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះ ធ្វើឡើង ជាច្រើនលើកមកហើយ នៅតាមបណ្ដាឃុំ និងស្រុកនៃខេត្ដសៀមរាប។ លោកបានឲ្យដឹងថា មានមណ្ឌលសុខភាព ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាល្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺបានផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាពមិនទាន់មាន ។ ក្រុមគ្រូពេទ្យបានអប់រំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចេះថែទាំសុខភាពសុខភាពប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះ ការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជម្ងឺផ្សេងៗ ។ តាមរយៈការចុះជួយពិនិត្យជម្ងឺទូរទៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឃុំចាន់ស ស្រុកសូទ្រនិគមនេះ ជាលើកទី៣ ដែលមានពិនិត្យពិគ្រោះនិងព្យាបាលជម្ងឺទូទៅ ពិនិត្យរោគស្រី អូសអេកូ និងជម្ងឺភ្នែក បញ្ហាមាត់ធ្មេញ ជម្ងឺកុមារ ជម្ងឺសន្លាក់ និង ជម្ងឺជាច្រើនទៀត ។ លោកក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នពីការកើតជម្ងឺគ្រុនឈាមផងដែរ ដោយលោកបានណែនាំពលរដ្ឋថា បើកូនក្ដៅខ្លួនមានកំដៅរហូត៣៨អង្សា ក្នុងរយៈពេលពីរទៅបីថ្ងៃ ត្រូវឲ្យប្រញាប់យកកូនទៅមន្ទីរពេទ្យ ដើម្បីឲ្យពេទ្យព្យាបាល។
លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងដែរថា សុខភាពគឺជាកត្តាសំខាន់សម្រាប់មនុស្សយើង គ្រប់រូប ហើយសកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែង នៅទូទាំងខេត្តសៀមរាប គឺជាការជួយលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល។លោកជំទាវបានបន្ដថា ក្រុមគ្រូពេទ្យមនុស្សធម៌នេះ បានបង្ហាញថា រាជរដ្ឋាភិបាលដែលមានសម្ដេចហ៊ុនសែន ជានាយករដ្ឋមន្ដ្រីបានយកចិត្ដទុកដាក់ពីសុខភាពប្រជាពលរដ្ឋជាសំខាន់។ លោកជំទាវបានបញ្ជាក់ថា ទោះបីគ្មានក្រុមគ្រូពេទ្យចុះព្យាបាល និង ពិនិត្យផ្ទាល់ ក៏មានមណ្ឌលសុខភាព និង ស្រុកប្រតិបត្ដិ ដែលនៅក្បែផ្ទះប្រជាពលរដ្ឋផងដែរ៕