ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ដើមខែសីហា នៅខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សចំនួន ៥នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់ ស្លាប់មនុស្សចំនួន ៦នាក់ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ខាងលិចផ្សារតានង ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែលបានបញ្ជាក់ថា ៖ ជនរងគ្រោះអ្នកបើកបរម៉ូតូមានឈ្មោះ ឆូយ ម៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅផ្ទុយគ្នា ពីលិចទៅកើត កៀរម៉ូតូជនរងគ្រោះ បណ្ដាលអោយដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រថយន្តក្រោយពីបង្កហេតុ បានបើកគេចខ្លួនបាត់ស្រមោល។ ចំពោះសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញធ្វើការវាស់វែង និងត្រួតពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕