រដ្ឋបាលរាជធានី-ខេត្ត

ពិធីម្ពោធអគារសិក្សា១ខ្នង ៧បន្ទប់ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្រុកព្រះស្តេច

ព្រៃវែង៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន បានសម្ពោធអគារសិក្សា ១ខ្នង ៧បន្ទប់ និងផ្ទះសំណាក់គ្រូបរទេស ១ខ្នង ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច និង​ ឯកឧត្តម Besso Kenichi ឯកអគ្គរាជទូតរង ប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូចំនួន ២,១៩៤ នាក់ នៅឃំុអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានលើកឡើងថា វិទ្យាល័យមិត្តភាពខ្មែរជប៉ុន ដែលមានលោក គង់ វន ជាប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សា និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាល័យមិត្តភាពខ្មែរជប៉ុនបានជួយកៀងគររកថវិកាពីប្រជាជនជប៉ុនមកទិញដីកសាងសាលាតាំងពីឆ្នាំ១៩៩៣ ដែលមានអាគារសិក្សាបំពាក់គ្រឿងសង្ហារឹម សាងសង់បណ្ណាល័យ ផ្គត់ផ្គង់សម្ភារៈការិយាល័យ ផ្ទះភ្ញៀវ និងគ្រូបរទេសស្នាក់នៅ អគារមជ្ឈមណ្ឌលអប់រំកែច្នៃផលិតផលកសិកម្ម ជីកស្រះធ្វើកន្លែងកសិកម្ម ជីកប្រឡាយទឹក ធ្វើរោងកសិដ្ឋានមិត្តភាព ធ្វើឡដុតសំរាម ធ្វើបន្ទប់ទឹក ទិញត្រាក់ទ័រ ទិញអេស្កា និងឡានសំរាប់ប្រើក្នុងកសិដ្ឋាន រៀបចំបរិវេណទីធ្លាសាលា ឧបត្ថម្ភថវិកាដល់គ្រូ នឹងជួយអាហារូបករណ៍ដល់សិស្សសរុបចំណាយគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះមានចំនួន ២,៤១២,៧២២,១៨៦ ដុល្លារសហរដ្ឋអាមេរិក។ចំពោះអគារសិក្សា ១ខ្នង មាន៧បន្ទប់ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ជាអំណោយរបស់ស្ថានទូតជប៉ុន និងផ្ទះសំណាក់គ្រូបរទេស១ខ្នង ដែលត្រូវសម្ពោធនាពេលនេះចំណាយថវិកាចំនួន ៧៧,១៦៦ ដុល្លារអាមេរិក។នៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗដែលជាសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបាននូវចំណេះដឹង និងក្លាយខ្លួនជាកូនល្អ សិស្សល្អនៅក្នុងសាលា នឹងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួនជាយុវជនឆ្នើមដើម្បីអភិវឌ្ឍ ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនដូចប្រទេសជិតខាងនោះផងដែរ។

ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាទទួលទានសាច់ជ្រូកដូចធម្មតាវិញចុះ ដោយកុំមានការព្រួយបារម្ភចំពោះបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលគិតថាមេរោគនេះអាចឆ្លងមកមនុស្សនោះគឺមិនឆ្លងទេ គឺជំងឺប៉េស្តជ្រូកអាព្រិចនេះឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ចំពោះសាច់ជ្រូកដែលលក់នៅក្នុងទីផ្សារគឺសុទ្ធតែពិនិត្យត្រឹមត្រូវ និងវ៉ៃត្រាពីមន្ត្រីបសុពេទ្យ ទើបឲ្យធ្វើការនាំចេញមកលក់ទីផ្សារនានាបាន។ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីច្រកដែលនៅជាប់នឹងខេត្តព្រៃវែងទាំងអស់ ត្រូវចុះពិនិត្យរាល់សកម្មភាពដឹកជញ្ជូនសាច់សត្វជ្រូក ដែលនាំចូលក្នុងខេត្តព្រៃវែង ឲ្យបានហ្មត់ចត់មុននឹងធ្វើការនាំចូលមកលក់នៅក្នុងទីផ្សារនោះ៕