ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំ​ សាមញ្ញ​​លើកទី២​ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ​

ខេត្តបន្ទាយមានជ័យ ៖ កិច្ចប្រជុំ​សាមញ្ញ​លើកទី២​ អាណត្តិ​ទី៣​ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ​ ក្រោមវត្តមាន​ លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលនៃគណៈអភិបាលក្រុង​ ដែលមានការអញ្ជើញចូលរួមសមាជិកក្រុមប្រឹក្សាទាំង១៨រូប​ អភិបាលរងក្រុង​ សមត្ថកិច្ច​ពាក់ព័ន្ធ​ លោក​ លោកស្រី​ អាជ្ញាធរមូលដ្ឋាន​ បានចូលរួមដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុង​ នៅថ្ងៃទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ។ នៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាក្រុង​ បានស្នើរសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំចុះពិនិត្យ​ ទីតាំងចិញ្ចឹមទា​ នៅចំណុចក្រោយផ្សារដើមគរ​ (ផ្សារអូរអំបិល​)​ ស្ថិតនៅសង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ដែលវាបានបង្កនូវផលប៉ះពាល់ក្លិនស្អុយខ្លាំងពិបាកដល់ប្រជាពលរដ្ឋក្នុងការរស់នៅ​។

មានប្រសាសន៍​បើក​ និងបិទអង្គប្រជុំ​ លោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុង​ ប្រធានអង្គប្រជុំ​ បានសម្តែងចំពោះគណៈអភិបាលក្រុង​ កងកម្លាំងគ្រប់ប្រភេទ​ ការិយាល័យ​នានាជុំវិញក្រុង​ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់​ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច​ ដោយស្មារតី​ទទួលខុសត្រូវខ្ពស់​ ។ ជាមួយគ្នានោះ​ ប្រធានអង្គប្រជុំ​ ក៏បានជម្រុញណែនាំបន្ថែមដល់​ គណៈអភិបាលក្រុង​ សមត្ថកិច្ច​ អាជ្ញាធរមូលដ្ឋាន​ ត្រូវធ្វើយ៉ាងខិតខំចុះមូលដ្ឋានឲ្យបានជាប្រចាំ​ ដើម្បីពិនិត្យតាមដានសភាពការណ៍នៅមូលដ្ឋានរបស់ខ្លួន​ ទាក់ទង​បញ្ហាប្រឈម​របស់ប្រជាពលរដ្ឋ​ បទល្មើសផ្សេងៗ​ ដើម្បីយើងបានដោះស្រាយបានទាន់ពេលវេលា​ និងបន្តជម្រុញដល់ក្រុមការងារក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ​ ជូនប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា​ ។

​មានមតិចូលរួម​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលនៃគណៈអភិបាលក្រុង​ ក៏បានធ្វើការជម្រុះដល់អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ ត្រូវចូលរួមទប់ស្កាត់បទល្មើសផ្សេងៗឲ្យបាន​ ដែលតែងតែបង្កការភ័យខ្លាចចំពោះពលរដ្ឋ​ ដូចជា ៖​ ក្មេងទំនើង​ ល្បែង​ស៊ី​សង​ ពិសេសករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន​ ដែលសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាប់ឲ្យបានជាដាច់ខាត់​ ។ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយណែនាំ​ ពីគោលនយោបាយភូមិ-ឃុំ​ មានសុវត្ថិភាព​ទាំងចំនុច​៩​ ដើម្បីឲ្យពួកគាត់មានកិច្ចសហការ​ រាយការណ៍​មកជាមួយសមត្ថកិច្ច​ ដើម្បីធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលា​ ។ លោកអភិបាលក្រុង​ បានសង្កត់ធ្ងន់ថា​ ៖​ មានមន្ត្រីមួយចំនួន​ បានទារប្រាក់ថ្លៃសេវាខាងក្រៅពីពលរដ្ឋ​ ក្នុងការរត់ឯកសារជូន​ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន​ ចំពោះសកម្មភាពនេះត្រូវតែបញ្ឈប់ជាបន្ទាន់​ បើមិនដូច្នោះទេ​ លោកនឹងអនុវត្តអភិក្រមទាំង៥​ របស់សម្តេចតេជោ​ ដើម្បីតម្លាភាពក្នុងការដឹកនាំ​ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ​ ៕​