ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ

សៀមរាប៖ នៅបរិវេណសួនច្បារនៃមហាសណ្ឋាគារអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩នេះ មានប្រារព្ធ ធ្វើសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៩ ក្រោមប្រធានបទ ( យើងទាំងអស់គ្នាគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ ) ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី Cristian Munduate នាយិកាអង្គការ UNICEF ប្រចាំកម្ពុជា និង តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អង្គការដៃគូ សិស្សានុសិស្ស អ្នកម្តាយបំបៅកូនដោយទឹកដោះ រួមទាំងមន្ត្រីបុគ្គលិកនៃមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ប្រមាណាជាង ៣០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា តាមរយៈការកើនទ្បើងនូវតម្រូវការ ម្ហូបអាហារ បានធ្វើឲ្យបញ្ហាអាហារូបត្ថម្ភ ក្លាយជាប្រធានបទសំខាន់ ពីព្រោះយើងបានរកឃើញវត្តមានស្បៀងអាហារមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ពុំមានជីវជាតិសមស្រប ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញក្លែងក្លាយ និង ផលិតផល មានផ្ទុកសារជាតិគីមីខ្ពស់ជាដើម ។ ការបរិភោគស្បៀងអាហារមិនបានត្រឹមត្រូវ ដូចបានជម្រាបជូនខាងលើនេះ គឺជាមូលហេតុចម្បងបណ្តាលឲ្យប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់ត្រូវប្រឈមមុខទៅនឹងបញ្ហាសុខភាព និង បញ្ហាអាហារូបត្ថម្ភដូចជា ក្រិះក្រិន ស្គមស្គាំងចំពោះកុមារ និង ជម្ងឺធាត់លើសទម្ងន់ ជម្ងឺទឹកនោមផ្អែម និង មហារីកជាដើមចំពោះមនុស្សពេញវ័យ ។ ដូច្នេះបញ្ហានេះ តម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការជាមួយគ្នា ក្នុងការកែលម្អពង្រឹង សុវត្ថិភាពអាហារ ដើម្បីជួយការពារ សុខភាពបងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់ទាំងទ្បាយ ពិសេសចំពោះកុមារ ។ ឯកឧត្តមបានបន្តទៀតថា ទន្ទឹមគ្នាទៅនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ក្របខណ្ឌខេត្តសៀមរាប ពិតជាបានជួបប្រទះនូវភាពប្រឈម មួយចំនួនលើអាហារូបត្ថម្ភ ដូចជាការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ហើយយើងជួបប្រទះនូវបញ្ហា ការអនុវត្តការបំបៅដោយទឹកដោះម្តាយ រួមមាន ការធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និង ការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ (ទឹកដោះគោម្សៅផ្សំតាមរូបមន្ត)។ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និង ក្នុងនាមឯកឧត្តមផ្ទាល់ បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការងារអាទិភាពមួយ ដែលរដ្ឋបាលខេត្តសៀមរាប បាននិង កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ។

បន្ទាប់ពីការធ្វើចំណាប់អារម្មណ៍ និង ការផ្តល់នូវបទពិសោធន៍ បច្ចេកទេស និង ពីគុណប្រយោជន៍នៃការបំបៅកូន ដោយទឹកដោះម្តាយ របស់លោកស្រី ហ្គ្រេនណេត កូដ នាយិកាប្រចាំប្រទេស អង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំនៅ កម្ពុជា និង ជាតំណាង SUN CSA និង លោកស្រី Cristian Munduate នាយិកាអង្គការ UNICEF ប្រចាំកម្ពុជា និង តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការប្រារព្ធសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយនាពេលនេះ ក្នុងគោល បំណង ដើមី្បលើកកម្ពស់ គាំទ្រ និង គាំពារ ការបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងដើមី្បបង្កើននូវការយល់ដឹង អំពី សារៈសំខាន់ និង គុណតម្លៃរបស់ទឹកដោះម្តាយ ក្នុងចំណោមសាធារណជនផងដែរ ។ ម៉្យាងទៀតនេះជាឱកាសដែលអ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងលោកឱពុក បានកាន់តែយលអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដែលបានផ្តល់នូវសារជាតិអ្វីខ្លះដល់កូនៗរបស់ខ្លួន ព្រមទាំងធានាការពារនូវរាល់ជម្ងឺទាំងឡាយ និង ធ្វើឲ្យកូន របស់ខ្លួនមានសុខភាពល្អមាំមួនទៀតផង ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានផ្តល់នូវអនុសាសន័ល្អៗមួយចំនួន ដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកម្តាយទាំងអស់ និងអាជ្ញាធរមូលដ្ឋាន គឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ដើមី្បលើកកម្ពស់ គាំទ្រ និងគាំពារ ការបំបៅកូនដោយទឹកដោះម្តាយ និង បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការ បំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងបន្តជម្រុញឲ្យម្តាយគ្រប់រូបទៅពិនិត្យផ្ទៃពោះមុន និង ក្រោយសម្រាល និង បន្តផ្តល់ សេវាសុខភាព និង យកចិត្តទុកដាក់ថែទាំសុខភាពមាតា និង កុមារ ដោយបច្ចុប្បន្នក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ត្រីចាប់ពីពេលមានផ្ទៃ រហូតដល់សម្រាលកូន ត្រូវបានទទួលគោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គម ដល់ពួកគាត់ផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ត្រូវបន្តផ្សព្វផ្សាយរដ្ឋ និង ឯកជន ដោយបង្កើតកម្មវិធីថ្មីៗ ពាក់ព័ន្ធនឹងការបំបៅកូនដោយទឹកដោះម្តាយ និង ពង្រឹងអនុវត្តបានម៉ឹងម៉ាត់នូវអនុក្រឹត្យលេខ១៣៣ និង ត្រួតពិនិត្យ តាមដានការឃោសនាពាណិជ្ជកម្ម និង ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ដែលនាំ ឲ្យមានការភាន់ច្រឡំដល់សាធារណជន ។ កត្តាសំខាន់នោះ គឺសំដៅឈានទៅធ្វើការពង្រឹង និង ការអនុវត្តការបំបៅកូន ដោយទឹកដោះម្តាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើ និង សូមឲ្យការប្រារព្ធសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុកសម្រាប់ជាប្រយោជន៍ដល់សុខភាពមាតា និងទារក ក៏ដូចជាកុមារកម្ពុជាទាំងមូល ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការប្រគល់រថយន្តសង្រ្គោះចំនួន ៤គ្រឿង ដែលទទួលបានពី ខេត្តឃ្យុងគី នៃ សាធារណរដ្ឋកូរ៉េ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនិងខេត្តសៀមរាប ជូនដល់មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពយកទៅបម្រើការងារសង្រ្គោះអ្នកជម្ងឺ ព្រមទាំងធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងផងដែរ ដល់ស្នងការនគរបាលខេត្តសៀមរាប ។
បន្តមកគណៈអធិបតីក៏បានអញ្ជើញទស្សនា តាមស្តង់ពិព័រណ៌ ក្នុងការបង្ហាញអំពីអាហារបំប៉នសុខភាពដល់កុមារ តាមសហគមន៍ ៕