រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា ២០១៩

ខេត្តកំពត ៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា ២០១៩ នៅបរិវេណពហុកីឡដ្ឋានខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទី អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៥ សិស្សនិស្សិត យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនគណបក្ស សសយក សយសស និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ១៥៩៥នាក់។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យរុក្ខទិវាថ្ងៃនេះបង្ហាញឲ្យឃើញនូវការភ្ញាក់រលឹកនិងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដោយឡែកប្រជាពលរដ្ឋយើងក្នុងខេត្តកំពតក្នុងកិច្ចការពារនិងបង្កើនធនធានព្រៃឈើដ៏មានតម្លៃរបស់ខ្លួនដែលអំណេះតទៅត្រូវកំណត់ដោយទស្សនៈថ្មីនិងការទទួលខុសត្រូវលើជោគវាសនាអនាគតរបស់ប្រទេសជាតិសម្រាប់យើងជំនាន់នេះ ក៏ដូចជាកូនចៅរបស់យើងជំនាន់ក្រោយទៀត។

ឯកឧត្តម អភិបាល បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមផ្តាំផ្ញើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តដាំកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីបង្កើតនូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌ សម្រាប់លម្អសោភណ្ឌភាព ពិសេសក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ជួយថែរក្សាការពារកូនឈើទាំងអស់ ឲ្យបានលូតលាស់គង់វង្សល្អ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិក្សានុសិស្សត្រូវជួយចូលរួមដាំដុះឈើគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបានជាពិសេសនៅតាមសាលារៀនទាំងអស់នៅក្នុងខេត្តដើម្បីចូលរួមប្រឡងប្រណាំងក្នុងកម្មវិធីប្រទេសអាស៊ានស្ដីពីសាលារៀនស្អាតនិងបរិស្ថានល្អ។

សូមបញ្ជាក់ថា នាឱកាសនេះយើងនឹងធ្វើការដាំឈើដែលជាប្រភេទឈើលំអក្នុងក្រុង និងប្រភេទឈើប្រណិតដែលជិតផុតពូជមានដើមឈើឆ័ត្រទេស អង្កត់ផ្ចិតទំហំ ១០សង់ទីម៉ែត្រ ចំនួន ៣០ដើម ដើមឈើធ្នង់ អង្កត់ផ្ចិតទំហំ ១០ទៅ ២៥សង់ទីម៉ែត្រ ចំនួន ៣០ដើម កូនឈើប្រភេទគ្រញូង ចំនួន ១០០ដើម នាងនួន ១០០ដើម ធ្នង់ ៥០ដើម កូនគគីរ ១០០ដើម ឈើទាល ១០០ដើម និងដើមរំដួលចំនួន ១០០ដើម នៅតាមដងផ្លូវនានាក្នុងក្រុងកំពត សរុបចំនួន ៦១០ ដើម និងបានចែកជូន អង្គភាពរដ្ឋ សាលារៀន និងវត្តអារាម ចំនួន ៤០០ដើមទៀតផង សរុបទាំងអស់ ១.០១០ដើម៕