ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ម៉ូតូមួយគ្រឿងបើកបុកកង់ពីក្រោយជិះស្របទិសគ្នាពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់នៅស្រុកកោះធំ

កណ្ដាលៈ បុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ខណៈដែលបុរសរងគ្រោះ២នាក់ បើកម៉ូតូឌុបគ្នា មិនប្រយ័ត្នគេចមិនទាន់ បុកកង់ក្មេងប្រុសម្នាក់កំពុងជិះស្របទិសគ្នានៅខាងមុខពេញមួយទំហឹង នៅវេលាម៉ោង៦និង២០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ( ខ ) ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ធី សំណាង ( ហៅ ខ្មៅ ) ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HO.1983 និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ឈាង ហុងម៉េង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ មានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះអ្នកជិះកង់ឈ្មោះ ហេង ម៉េងហំាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូមានគ្នា២នាក់ បើកបរតាមបណ្ដោយផ្លូវជាតិ លេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានបុកកង់ពីក្រោយ ដែលមានទិសដៅស្របគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ ទទួលរងរបួសធ្ងន់ទាំង២នាក់ រីឯជនរងគ្រោះជាអ្នកជិះកង់រងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកោះធំ បានចុះអន្ដរាគមន៍យករថយន្ដស៊ីរ៉ែនរបស់អធិការដ្ឋាន ដឹកជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញ ធ្វើការពិនិត្យ វាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញថា ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូ បើកមានល្បឿនលឿន មិនមើលខាងមុខ ទើបបានជាបុកអ្នកជិះកង់ចំពីក្រោយ បណ្ដាលឲ្យរងរបួស ទាំងសង្ខាងបែបនេះ ៕