ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ការកាត់សក់ខ្លីបញ្ជាក់អំពីវិន័យ​ និងអត្តចរិតរបស់កងកម្លាំង

ខេត្តបន្ទាយមានជ័យ​ ៖​ ការកាត់សក់ឲ្យខ្លី គឺបញ្ជាក់អំពីអត្តចរិត វិន័យ និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងប្រដាប់អាវុធ ហើយក៏អាចជាការសន្សំសំចៃ ការចំណាយ និងការងាររបស់យើងផងដែរ នេះគឺជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ស្នងការ​ ចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលវរសេនាតូច លេខ៨០៧ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក៏ដូចជារៀងរាល់ការប្រជុំប្រចាំខែ លោកឧត្តមសេនីយ៍ស្នងការ តែងតែណែនាំដល់ថ្នាក់ដឹកនាំ បណ្តាអង្គភាព អធិការដ្ឋាន និងវរសេនាតូចការពារព្រំដែនគោកទាំង៤ផងដែរ ឲ្យណែនាំដល់កងកម្លាំងក្រោមឱវាទ ត្រូវតែកាត់សក់ឲ្យខ្លី ។
លោកវរសេនីយ៍ឯក សន គឺមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ បានលើកឡើងថា​ ៖ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់សារធារណៈ បានប្រមូលកងកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យសណ្តាប់ធ្នាប់ និង ការិយាល័យនគរបាលទេសចរណ៍ សរុបចំនួន៤០នាក់ បានកាត់សក់ឲ្យខ្លី ទៅតាមការណែនាំនោះផងដែរ ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានបញ្ជាក់ថា​ ៖ ក្នុងការកាត់សក់នេះ នគរបាលក្នុងផែនការងារសណ្តាប់ធ្នាប់សាធារណៈ បានអនុវត្តមុនបណ្តាអង្គភាពផ្សេង ហើយក៏ធ្វើជាគំរូដល់បណ្តាអង្គភាពផ្សេងៗផងដែរ ៕