ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសជាព្រូឡានម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៏រថយន្តបុករថយន្ត

ខេត្តពោធិ៍សាត់៖បុរសជាព្រូឡានម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ដោយឧបទ្ទវហេតុរថយន្តបុកជាមួយរថយន្តដែលឈប់នៅលើផ្លូវ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតក្នុងភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ ។

ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ានដាយបានខូចហើយម្ចាស់រថយន្តបានឈប់នៅលើផ្លូវជាតិលេខ៥ រងចាំជាងមកជួសជុល អស់រយៈពេលច្រើនម៉ោង ខណៈនោះក៏មានរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយដែរ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើស្រាប់តែបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3D-2253 ដែលខូចឈប់នៅលើផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យព្រូឡានម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងខូចម៉ូតូ២គ្រឿងដែលម្ចាស់ដាក់នៅក្បែររថយន្តនោះ។

ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនិងសាកសពបុរសរងគ្រោះនៅហ្នឹងកន្លែងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ថម ផល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ចំពោះអ្នកបើកបររថយន្តគ្មានអ្នកណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណរបស់គេនោះឡើយ រីឯរថយន្តទាំង២គ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕