រដ្ឋបាលរាជធានី-ខេត្ត

សិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែ មួយក្រុង ស្រុក

ខេត្តសៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែ មួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។ អង្គ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង គណៈអភិបាលខេត្ត ក្រុង ស្រុក មន្តី្រជំនាញមានការពាក់ព័ន្ធមកពី៥ខេត្ត , ខេត្តសៀមរាប ឧត្តរមានជ័យ, កំពង់ធំ , ព្រះវិហារ និង ខេត្តកំពង់ចាម សរុបចំនួន ២៣០នាក់ចូលរួម ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ចំណាប់អារម្មណ៍ របស់លេខាធិការដ្ឋាន គ.ជ.អ.ប រួចមក មានប្រសាសន៍បើកអង្គសិក្ខាសាលនោះ ឯកឧត្តម សួន រចនា ក៏បានធ្វើការវាយ តម្លៃខ្ពស់ ក្នុងការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និង ចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយ សម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែលកើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្បឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និង ទៅអនាគត ៕