ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃរដ្ឋបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ អាត់ ខែម និង លោកស្រី វង្ស ស៊ីម ផ្តល់អំណោយដល់ប្រជាពលរដ្ឋ ក្រីក្រ៩០គ្រួសារ មកពី៩ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចុងសប្តាហ៍កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី វង្ស ស៊ីម បានចែកជូនអំណោយដល់ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ មកពី៩ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។ ពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ អាត់ ខែម និងលោកស្រី វង្ស ស៊ីម បានប្រារព្ធពិធីបុណ្យតម្កល់អិដ្ឋធាតុ ព្រះគ្រូធម្មឃោស កោ ស៊ាន ញាណ អតីតព្រះគ្រូចៅអធិការវត្តសុភមង្គល ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។នៅក្នុងកម្មវិធីបុណ្យនេះ គឺមានភាពអធិកអធម្មយ៉ាងក្រៃលែង ដោយនិមន្តព្រះសង្ឈជាង១០០អង្គ តាជី យាយជី និងប្រជាពលរដ្ឋ ចំនួន២០០នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ៖ ទន្ទឹមនឹងរៀបចំកម្មវិធីបុណ្យតម្កល់អិដ្ឋធាតុ ព្រះគ្រូធម្មឃោស កោ ស៊ាន ញាណ អតីតព្រះគ្រូចៅអធិការវត្តសុភមង្គល ដែលត្រូវជាឪពុកបង្កើតរបស់លោក។ លោកក៏បានធ្វើទានដោយចែកជូននូវអំណោយដល់ប្រជាពលរដ្ឋក្រីក្រ មកពីស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ សរុប៩ភូមិ ស្មើនឹងចំនួន៩០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គ.ក្រ ,ធីប១កញ្ចប់ ថវិកា២ម៉ឺនរៀល។ ជាមួយគ្នានោះដែរ លោកតា លោកយាយចំនួន១០០នាក់ ទទួលបានសារុង ១ ថវិកាចំនួន២ម៉ឺនរៀល ។ ប្រគេនបច្ច័យចំនួន៧វត្ត ក្នុង១វត្តមានគ្រឿងបរិក្ខារ និងបច្ច័យចំនួន១លានរៀល និងព្រះចំនួន១០០អង្គ ក្នុង១អង្គមី១កេស បច្ច័យ២ម៉ឺនរៀល ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ទៀតថា ៖​ ការប្រារព្ធពិធីបុណ្យនេះ គឺមានគោលបំណង ឧទ្ធិសកុសល ជូនដល់បុព្វការីជន មានជីដូន ជីតា ញាតិការទាំង៧សណ្តាន ពិសេសគឺ ឧទ្ធិសកុសលប្រគេនជូនដល់វិញ្ញាណខ័ន្ត ព្រះគ្រូធម្មឃោសកោ ស៊ាន ញាណ អតីតព្រះគ្រូចៅអធិការវត្តសុភមង្គល ដែលត្រូវជាឪពុកបង្កើតរបស់លោក សូមព្រះអង្គនិមន្តទៅកាន់សុគតិភព និង រំកិលអិដ្ឋធាតុ ទៅតម្កល់ទុកនៅក្នុងចេតិយ ដែលអតីតជាប្រាង្គរបស់ព្រះអង្គ ៕