ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម​ អៀង​ វុធ និងឯកឧត្ដម​ កែវ​ ពៅ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖នារសៀល​ថ្ងៃ​ទី ០៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ឯកឧត្ដម​ អៀង​ វុធ​ អនុប្រធាន​អចិន្ត្រៃយ៍​អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ខេត្ត​កំពង់​ឆ្នាំ​ង​ ឯកឧត្ដម​ កែវ​ ពៅ​ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ ស ខេង និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ខេត្ត​កំពង់​ឆ្នាំ​ង​ អមដោយ​សហការី​ ១រូប​ បានអញ្ជេីញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំបូកសរុបនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារលិខិតបទដ្ឋានសំខាន់ៗ ការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជនដូចជា៖ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ ៕