ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា នាំយកអំណោយជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន៤០គ្រួសារ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ជំនួយការផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគិរីធម្មរាជ ស្ថិតនៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាំយកអំណោយជាសម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជូនដល់ លោកតា លោកយាយ ប្រជាពលរដ្ឋ ដែលជួបការលំបាក មានជីវភាពខ្វះខាត ចំនួន ៤០គ្រួសារ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងកម្មវិធីចែកសម្ភារៈជាគ្រឿង ឧបភោគ បរិភោគនេះក៏មានការចូលរួមពីលោក សៅ ស្ងួនសិលា អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោក ខែក សុផល មេឃុំពង្រ និងក្រុមការងារភូមិ ឃុំពង្រ ប្រធានគណៈកម្មការ និងក្រុមការងារសប្បុរសជន។ អំណោយចែកជូននៅក្នុងពេលនោះក្នុងម្នាក់ៗទទួលបាន៖ មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ស្ករស១គីឡូក្រាម អង្ករ២០គីឡូក្រាម តែ១កញ្ចប់ អំបិល១កញ្ចប់ ឆៃប៉ូវ១គីឡូក្រាម ខ្ទឹមស១គីឡូក្រាម និងថវិកា ១ម៉ឺនរៀល ក្នុងនោះលោកមេឃុំទទួលបានថវិកា ១០ម៉ឺនរៀល និងលោកមេភូមិថវិកាចំនួន ៥ម៉ឺនរៀល ៕