ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កាន់ពូថៅដេញកាប់ឆ្កែឆ្កួត មិនបានឃើញអ្នកជិះម៉ូតូមកដល់ជិតខ្លួនកាប់របួសដៃ

​ខេត្តបន្ទាយមានជ័យ​ ៖​ នៅរសៀលថ្ងៃទី០២​ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ​ ខេត ប៊ុនឈីញ ភេទប្រុស​ អាយុ២៧ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រ ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ពីបទប្រើហឹង្សាដោយចេតនា ធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ចាន់ សែម ភេទប្រុស​ អាយុ៣២ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ បណ្តាលឲ្យរងរបួសដៃខាងស្តាំ ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯងចេញពីភូមិតាមផ្លូវលំឆ្លងកាត់ភូមិប៉ោយតែប៉ែន ឃុំព្រះ​នេត្រ​ព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
​លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា​ ៖​ តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ​ ចាន់ សែម ភេទប្រុស​ អាយុ៣២ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី នៅវេលាម៉ោង​ ៥និង១៥ នាទីល្ងាច​ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ម្នាក់ឯងចេញពីភូមិ ពេលមកដល់ចំណុចផ្លូវលំ ក្នុងភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ត្រូវបានជនសង្ស័យឈ្មោះ ខេត ប៊ុនឈីញ ភេទប្រុស​ អាយុ២៧ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ បានយកពូថៅកាប់ត្រូវដៃខាងស្តាំ ជនរងគ្រោះភ័យក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន ពេលនោះជនសង្ស័យបានកាប់ទៅលើម៉ូតូ បណ្តាលឲ្យខូចខាតយ៉ាងដំណំផងដែរ បន្ទាប់មកជនរងគ្រោះ ក៏បានប្តឹងនគរបាលមូលដ្ឋាន ហើយក៏ឈានដល់ចាប់ខ្លួនជនសង្ស័យមក ធ្វើ​ការសាកសួរ ។​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា​ ៖​ ខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះ​ និងម៉ូតូមែន មុនពេលកើតហេតុខ្លួន បានកាន់ពូថៅដេញកាប់ឆ្កែឆ្កួតមិនបាន ស្របពេលជនរងគ្រោះជិះម៉ូតូមកដល់ក្បែរខ្លួនក៏កាប់ជនរងគ្រោះនោះនិងម៉ូតូ ដែលគេផ្តួលចោល ​កុំឲ្យសោយដៃ។
​លោកនាយការិយាល័យ បានបញ្ជាក់ថា​ ៖​ ផ្អែកលើបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនប្រព្រឹត្តល្មើស រួមទាំងវត្ថុតាងជាក់ស្តែងស្នាមរបួស កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕