ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យុវជន៣នាក់ត្រូវក្រុមជនសង្ស័យជាង២០នាក់ប្រដាប់ដោយដាវជិះម៉ូតូដេញវាយបណ្ដាលឲ្យ២នាក់រងរបួសធ្ងន់និងម្នាក់ទៀតស្រាល

កណ្ដាលៈ ក្រុមជនសង្ស័យប្រដាប់ដោយដាវ មានគ្នាជាង២០នាក់ ជិះម៉ូតូដេញតាម រួចព្រួតវាយទៅលើយុវជន៣នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាសំដៅទៅផ្ទះ បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅវេលាម៉ោង២៤និង៣០នាទី រំលងអធ្រាត ចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិ លេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ ធី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះកោក ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) និងទី៣-ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ (របួសស្រាល) ។ ជនរងគ្រោះទាំង
៣អ្នក មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកក្រុមជន សង្ស័យមានគ្នាប្រមាណ២០នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ។ ដោយឡែកវត្ថុតាង ដកហូតបានមាន៖ ម៉ូតូ១គ្រឿង ម៉ាកwave ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1V-5161( របស់ជនរងគ្រោះឈ្មោះកោក) និងដាវ១ដើម ប្រវែង៧០សង់ទីម៉ែត្រ (របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកេីតហេតុ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បានគ្នាជិះម៉ូតូទៅផឹកស្រាក្រឡុកនៅមាត់ស្ទឹង ក្បែររោងអ្នកតាថៃជឺតាខ្មៅ លុះផឹករួច មកដល់វេលាម៉ោង២៤និង៣០នាទី ជនរងគ្រោះបាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈនៅជិះដល់ស្តុបក្រពើហា ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ មានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានដេញតាមជនរងគ្រោះ រហូតដល់មុខវត្តព្រែកឬស្សី ជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែរសង្កាត់ព្រែកឬស្សី ដោយមានការភ័យពេក ម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់ បណ្តាលឲ្យជនរគ្រោះឈ្មោះ ធី និងឈ្មោះ កោក ដួលដេកលើថ្នល់ ត្រូវក្រុមជនសង្ស័យ យកដាវសាម៉ូរ៉ៃកាប់លើក្បាល បណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ស្រ៊ន វិសាល បានរត់គេចខ្លួនទាន់ពេលវេលា ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត ។ ចំពោះករណីនេះ សមត្ថកិច្ចក្រុងតាខ្មៅ កំពុងកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវ
និងស៊ើបអង្កេតចាប់ខ្លួនចាត់ការតាមច្បាប់ ៕